សុក្រ 16 សីហា 2013
RFIអាជ្ញាធររារាំងបាតុកម្មរបស់ស្ត្រីបឹងកក់កាលពីពេលកន្លងទៅ
វាមិនមែនជារឿងចៃដន្យទេដែលរដ្ឋាភិបាលបានត្រៀមការពារ សន្តិសុខរហូតដល់បញ្ចេញកម្លាំងប្រដាប់អាវុធនិងរថពាសដែកផងនៅពេល ដែលមេដឹកនាំបក្សប្រឆាំងប្រកាសធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលនៃ ការបោះឆ្នោត។ បទពិសោធន៍ពីអតីតកាល រួមនឹង បរិបទអន្តរជាតិដែលប្រទេសខ្លះកំពុងជួបភាពវឹកវរបង្ហូឈាមដោយ សារចលនាបាតុកម្ម ដូចជានៅអេហ្ស៊ីបជាដើមនោះ កាន់តែធ្វើឲ្យរដ្ឋាភិបាលកម្ពុជារសើបខ្លាំងឡើងថែមទៀតនៅចំពោះមុខ ចលនាបាតុកម្ម។
នេះមិនមែនជាលើកដំបូងទេដែលសមត្ថកិច្ចរដ្ឋាភិបាលប្រុងប្រយ័ត្ន ចំពោះចលនាបាតុកម្ម ប៉ុន្តែ គ្រាន់តែថា ការប្រុងប្រយ័ត្នលើកនេះមានលក្ខណៈធំធេងគួរឲ្យកត់សម្គាល់។ ដូចដែលគេបានឃើញស្រាប់ ទន្ទឹមនឹងការអំពាវនាវជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃឲ្យ ប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ និងការព្រមានម្តងហើយម្តងទៀតដល់មេដឹកនាំបក្សប្រឆាំងឲ្យគោរព ច្បាប់បាតុកម្មនោះ អាជ្ញាធរបានត្រៀមលក្ខណៈយ៉ាងសម្បើមរហូតដល់ការចល័តកងកម្លាំង ប្រដាប់អាវុធ និងរថពាសដែកទៀតផង។
មានមូលហេតុសំខាន់៣ដែលគេអាចចាត់ទុកថាជាដើមចមនៃការប្រយ័ត្នប្រយែងយ៉ាងខ្លាំងរបស់អាជ្ញាធររដ្ឋាភិបាល៖ ទី១ គឺភាពរសើបនៃបាតុកម្មនៅក្នុងសង្គមខ្មែរដែលមានតាំងពីដើមមក ស្រាប់ ពោលគឺ បាតុកម្មជាសញ្ញាគ្រោះថ្នាក់របស់រដ្ឋាភិបាល។ ទី២ គឺបរិបទអន្តរជាតិដែលបណ្តាប្រទេសជាច្រើនជាពិសេសនៅពិភពអារ៉ាប់ កំពុងជួបភាពវឹកវរដោយសារការបះបោរទម្លាក់មេដឹកនាំចេញពីអំណាច។ អំពើហិង្សាបង្ហូរឈាមដែលកំពុងកើតនៅប្រទេសអេហ្ស៊ីបពេលនេះគឺជា ឧទាហរណ៍ជាក់ស្តែង។ និងទី៣ គឺមកពីសន្ទុះនៃការគាំទ្រគណបក្សប្រឆាំងបានកើនឡើងគួរឲ្យ កត់សម្គាល់រយៈពេលចុងក្រោយនេះ ដែលនឹងនាំឲ្យបាតុកម្មមានសន្ទុះកាន់តែខ្លាំងដែរ។
ជាការពិតណាស់ វាមិនមែនជារឿងថ្មីទេដែលអាជ្ញាធរតែងខ្លាចក្បួនដង្ហែ បាតុកម្មតាមផ្លូវជាទ្រង់ទ្រាយធំ។ សូម្បីតែការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យដែលគេបង្កើត ឡើងសម្រាប់ឲ្យមហាជនធ្វើបាតុកម្មនោះក៏ត្រូវគេកំណត់ចំនួនមនុស្ស មិនឲ្យលើសពី ២០០ នាក់ឡើយ។ ជាទូទៅ អ្នកសុំច្បាប់ធ្វើបាតុកម្មកម្រនឹងទទួលបានការអនុញ្ញាតពីអាជ្ញាធរ ណាស់។
មានតែបាតុកម្មដែលបំពាននឹងបម្រាមរបស់អាជ្ញាធរប៉ុណ្ណោះដែលអាចកើតឡើងក្នុងទ្រង់ទ្រាយធំបាន។
នេះបង្ហាញឲ្យឃើញថា បាតុកម្មនៅតែជារឿងដ៏រសើបមួយនៅកម្ពុជាបើទោះបីជាប្រទេសនេះ បានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សអស់រយៈពេល២០ឆ្នាំហើយ ក៏ដោយ។ វាពិតជាមិនមែនជារឿងចៃដន្យទេដែលរដ្ឋាភិបាលតែងប្រយ័ត្នប្រយែង ចំពោះចលនាបាតុកម្ម។ មានរឿងរ៉ាវជាច្រើនមកហើយដែលត្រូវបានគេកត់ត្រាក្នុង ប្រវត្តិសាស្ត្រ ទាក់ទងនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីចលនាបាតុកម្មនៅក្នុងសង្គម ខ្មែរ។
ព្រឹត្តិការណ៍ដែលគេនៅចាំច្បាស់ជាងគេគឺ ចលនាបះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់ដំបងកាលពីដើមខែមេសា ឆ្នាំ ១៩៦៧ ។ ចលនាបះបោរនោះហើយដែលជាសញ្ញានៃការដួលរលំរបបសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ១៩៧០។ ព្រឹត្តិការណ៍ថ្មីៗបំផុតមួយទៀតដែលឈានដល់ការដុតបំផ្លាញស្ថានទូតថៃ និងបំផ្លាញផលប្រយោជន៍ថៃមួយចំនួនទៀតកាលពីដើមឆ្នាំ ២០០៣ ក៏ជាបទពិសោធន៍ស្តីពីភាពរសើបនៃបាតុកម្មដែរ។
និយាយជារួម ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញថា ឲ្យតែមានចលនាបាតុកម្ម ឬចលនាបះបោរកើតឡើង បើមិនយូរក៏ឆាប់ គង់នឹងឈានដល់គ្រោះថ្នាក់ដល់របបដឹកនាំជាមិនខាន។ យ៉ាងហោចណាស់ ក៏វាត្រូវបញ្ចប់ទៅវិញដោយអំពើហិង្សាដែរ។ បន្ថែមពីលើនេះ អាជ្ញាធរកម្ពុជាក៏ប្រហែលជាមិនបានមើលរំលងបរិបទអន្តរជាតិដែរ នោះគឺគ្រោះថ្នាក់នៃរបបដឹកនាំមួយចំនួនដែលកើតឡើងដោយសារចលនា បាតុកម្មមហាជន។
ម្យ៉ាងទៀត គេក៏មិនត្រូវភ្លេចដែរថា ក្រៅពីបក្សប្រឆាំងដែលតែងនិយាយជាញឹកញាប់អំពីការផ្លាស់ប្តូររបប ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏មានដែរចលនាមួយចំនួនកំពុងធ្វើសកម្មភាពប៉ុនប៉ងប្រើប្រាស់ចលនា មហាជនដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប្រឈមមុខនឹងស្ថានការណ៍ទាំងនេះ ប្រាកដណាស់ថា អាជ្ញាធររដ្ឋាភិបាលត្រូវត្រៀមលក្ខណៈទប់ទល់ទ្រង់ទ្រាយធំដោយចៀសមិន ផុត។
យ៉ាងណាក៏ដោយចុះ គេសង្ឃឹមថា អ្នកនយោបាយខ្មែរដែលមានភាពចាស់ទុំ និងបានស្រង់បទពិសោធន៍ច្បាស់លាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួននោះ ប្រាកដជានឹងមិនធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពភយន្តរាយ សារជាថ្មីនោះឡើយ។ សូមកុំភ្លេចថា គន្លងប្រជាធិបតេយ្យដែលកម្ពុជាខិតខំកសាងពីរទសវត្សរ៍មកហើយនោះ ពិតជាមានតម្លៃខ្លាំងណាស់ទាំងសម្រាប់បច្ចុប្បន្ន និងអនាគតរបស់ប្រទេសនេះ។
ទោះបីជានៅមានបញ្ហាចម្រូងចម្រាសជាច្រើនក៏ដោយ ក៏ការធ្វើឲ្យមានការផ្លាស់ប្តូរអំណាចដឹកនាំរដ្ឋតាមរយៈសន្លឹក ឆ្នោតគឺជាជម្រើសតែមួយគត់មិនអាចខ្វះបាន។ ការប៉ុនប៉ងប្រើមធ្យោបាយក្រៅពីនេះនឹងនាំប្រទេសជាតិទៅ រកគ្រោះថ្នាក់ប្រកបដោយសោកនាដកម្មជាថ្មីដោយចៀសមិនផុតឡើយ៕
0 comments:
Post a Comment