ដោយ ជី វិតា
2013-07-27
RFA2013-07-27
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២។
RFA/Khe Sonorng
លោកទទូចអោយកម្ពុជា រក្សាបាននូវបរិយាកាសនយោបាយមួយដែលគ្មានការគំរាមកំហែង ហើយអោយពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពទៅបោះឆ្នោត សិទ្ធិជួបជុំគ្នា និងសិទ្ធិឈរឈ្មោះបោះឆ្នោត ដែលទាំងអស់នេះជាលក្ខខណ្ឌដ៏សំខាន់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ក៏បានគូសបញ្ជាក់ថា កន្លងមកប្រទេសកម្ពុជា មានការរីកចម្រើនក្នុងការពង្រឹងវិស័យនីតិរដ្ឋ និងសិទ្ធិមនុស្សគួរអោយកត់សម្គាល់។ ហេតុដូច្នេះ លោកសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា គោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជា ជាប់មានកាតព្វកិច្ចស្រាប់នៅក្នុងឱកាសបោះឆ្នោតនៅថ្ងៃអាទិត្យ ស្អែកនេះ។
លោក សុរិយា ស៊ូប៊ែឌី មានប្រសាសន៍បន្តថា នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ខ្ញុំសូមអោយប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ចៀសវាងនូវការប្រើអំពើហិង្សា ហើយមេត្តាគោរពនូវសិទ្ធិរបស់អ្នកដទៃ នៅខណៈលោកអ្នក ប្រើប្រាស់សិទ្ធិរបស់ខ្លួន។ រាល់អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ត្រូវមានឱកាសស្មើៗគ្នាក្នុងការបោះឆ្នោត ហើយមិនត្រូវរងការគំរាមកំហែង និងការបំភិតបំភ័យនោះឡើយ។ រាល់ការចោទប្រកាន់ថា មានការគំរាមកំហែងត្រូវតែមានការស៊ើបអង្កេត។ ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរស៊ើបអង្កេតនៅពេលមានពាក្យបណ្ដឹង និងចាត់វិធានការដោះស្រាយតាមភាពសមស្រប។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រូបនេះបញ្ជាក់ថា ពេលវេលានេះ គឺជារបត់មួយបញ្ជាក់ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា គឺជាកិត្យានុភាព ឬភាពជឿជាក់បាននៃការបោះឆ្នោត ហើយវាក៏ជាកិត្យានុភាពរបស់អនាគតនៃអ្នកដឹកនាំនៃព្រះរាជាណាចក្រ កម្ពុជា ផងដែរ៕
0 comments:
Post a Comment