អង្គារ 23 កក្កដា 2013
RFIយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើដងផ្លូវម្ខាងម្នាក់ ពេលឃោសនា
©rfi
ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតែប្រព្រឹត្តទៅនៅ ពេលនេះហើយដែលនឹងត្រូវបញ្ចប់នៅចុងសប្តាហ៍នេះ នោះគេប្រាកដជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញសន្ទុះ របស់យុវជនកម្ពុជាមានភាពផុលផុសចូលរួមដង្ហែក្បួនឃោសនានៅក្នុង គណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយភាពសប្បាយរីករាយ ដោយស្ម័គ្រចិត្ត ដោយសាមគ្គីភាព។ល។ ប៉ុន្តែគេក៏សង្កេតឃើញមានផងដែរនូវឥរិយាបថមិនសមរម្យរបស់យុវជន គណបក្សមួយចំនួន ដូចជាការជេរប្រមាថគ្នា គប់ដបទឹកសុទ្ធ និងដុំថ្មដាក់គ្នា។ ដូច្នេះដើម្បីឲ្យក្បួនឃោសនាបោះឆ្នោតមានភាពរលូន និងមានភាពថ្លៃថ្នូររហូតដល់ថ្ងៃបញ្ចប់នោះ តើយុវជនគួរប្រកាន់ឥរិយាបថដូចម្តេចខ្លះ?
ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតកាន់តែខិតជិតដល់ថ្ងៃបញ្ចប់នោះគេ សង្កេតឃើញសន្ទុះនៃការចូលរួមឃោសនាឲ្យគណបក្សនយោបាយរបស់យុវជនមានការ កើនឡើងជាខ្លាំង ជាក់ស្តែងគេអាចមើលឃើញចលនាចូលរួមឃោសនារបស់យុវជននៅក្នុងគណបក្ស ចំនួនពីរធំៗ នោះគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិហាក់មានសកម្មភាព ខ្លាំងក្លា កាលពីចុងសប្តាហ៍កន្លងទៅនេះ។
នៅតាមដងវិថីនានាក្នុងទីក្រុងភ្នំពេញ និងនៅតាមទីសាធារណៈមួយចំនួនគេសង្កេតឃើញយុវជនទាំងប្រុសទាំងស្រី បានចូលរួមដង្ហែក្បួនឃោសនាឲ្យគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ យុវជនទាំងអស់នោះបានចំណាយពេលវេលារបស់ខ្លួនចូលរួមដង្ហែក្បួនឃោសនា ដោយក្តីសប្បាយរីករាយ ស្ម័គ្រចិត្តសាមគ្គីភាព មិត្តភាព និងភាតរភាពគួរឲ្យកោតសរសើរ ដោយខ្លះស្រែកហ៊ោរកញ្ជៀវ ខ្លះទៀតកាន់ឧគ្ឃោសនស័ព្ទបន្លឺសំឡេងលាន់អឺងកករំពងក្បួនឃោសនា អ្នកខ្លះក៏កាន់ទង់ជាតិឬទង់បក្សគ្រវីចុះឡើង និងមានផងដែរលើកដៃជាសញ្ញាគាំទ្រលេងរៀងរបស់គណបក្សដែលខ្លួន ស្រឡាញ់។
យ៉ាងណាក៏ដោយ គេក៏កត់សម្គាល់ឃើញមានផងដែរនូវឥរិយាបថមិនទំនងមួយចំនួនរបស់ យុវជនរបស់គណបក្សនយោបាយទាំងអស់នោះនៅក្នុងពេលដង្ហែក្បួនឃោសនា ដូចជាការប្រើអំពើហិង្សាវាយតប់គ្នាក្នុងជម្លោះហែក្បួនរហូតដល់ មានការបាញ់បោះសម្លុតគំរាមគ្នា គប់ដបទឹកសុទ្ធ និងដុំថ្មដាក់គ្នា ការស្រែកជេរប្រមាថគ្នាទៅវិញទៅមកដោយពាក្យអសុរសផ្សេងៗ ក៏ដូចជាភាពអសណ្តាប់ធ្នាប់ក្នុងការហែក្បួនឃោសនាជាដើម។ ពិតហើយថាសកម្មភាពមិនល្អទាំងនេះបានធ្វើឲ្យរំខានដល់អ្នកធ្វើដំណើរ កំពុងធ្វើចរាចរលើដងផ្លូវក៏ដូចជាបានធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរ មិនត្រឹមតែចំពោះយុវជនខ្លួនឯងនោះទេ តែវាក៏បានធ្វើឲ្យមានភាពអាប់ឱនផងដែរចំពោះគណបក្សនយោបាយដែល ខ្លួនគាំទ្រនោះពិសេសទៀតនោះទទួលការវាយតម្លៃមិនល្អពីមហាជនដែល បានមើលឃើញពីសកម្មភាពមិនល្អទាំងអស់នេះ។
ពិតណាស់ថានោះវាជាសិទ្ធិផ្ទាល់ខ្លួនរបស់យុវជននៅក្នុងការគាំទ្រ និងចូលរួមក្នុងសកម្មភាពនយោបាយដែលខ្លួនពេញចិត្ត ហើយវាជាការបង្ហាញនូវឆន្ទៈរបស់ពួកគេក្នុងការចូលរួមចំណែក ការយកចិត្តទុកដាក់ និងការព្រួយបារម្ភអំពីជោគវាសនាអនាគតប្រទេសជាតិរបស់ពួកគេផងដែរ។ ប៉ុន្តែតើវាមិនជាការល្អទេឬ បើយុវជនសម្តែងនូវឥរិយាបថគាំទ្រល្អៗចំពោះខ្លួនឯង ចំពោះបក្សនយោបាយដែលខ្លួនគាំទ្រ និងចំពោះគណបក្សនយោបាយដទៃនោះ?
ជាការពិតការប្រើពាក្យអសុរស ឬជេរគ្នា ការប្រើពាក្យសំដីឌឺដង គប់ដបទឹកសុទ្ធឬដុំថ្មផ្សេងៗដាក់គ្នា និងការធ្វើឲ្យខូចសណ្តាប់ធ្នាប់ចរាចរណ៍ ឬជួនកាលបង្កឲ្យមានអំពើហិង្សាកើតឡើងនោះ វាជាការបង្ហាញនូវរូបភាពមួយដែលអាចបញ្ជាក់ឲ្យឃើញថាក្បួន យុទ្ធនាការឃោសនាបោះឆ្នោតមានអាប់អួរ។ ម្យ៉ាងវិញទៀតវា ក៏ធ្វើអោយប៉ះពាល់ដល់តម្លៃយុវជនផ្សេងៗទៀតក្នុងបក្សរបស់ខ្លួនដែល កំពុងគាំទ្រនោះពិសេសអាចទទួលការសន្និដា្ឋនពីមហាជនថាយុវជនគាំទ្រ បក្សនយោបាយទាំងនោះ ជាមនុស្សមិនល្អដែលប្រការនេះវាអាចធ្វើឲ្យប្រជាប្រិយភាពរបស់ គណបក្សធ្លាក់ចុះផងដែរតាមរយៈសកម្មភាពមិនល្អទាំងអស់នេះ។
ដូច្នេះផ្ទុយពីសកម្មភាព និងការសម្តែងឥរិយាបថមិនល្អដូចរៀបរាប់ខាងលើយុវជនគួរតែប្រកាន់ ភ្ជាប់នូវការចូលរួមដង្ហែក្បួនឃោសនាដោយភាពថ្លៃថ្នូរ និងដោយការទទួលខុសត្រូវដែលប្រការនេះវានឹងផ្តល់តម្លៃយុវជនខ្លួន ឯង ក៏ដូចជាលើកប្រជាប្រិយភាពដល់គណបក្សដែលខ្លួនគាំទ្រផងដែរ។
សរុបសេចក្តីមកវិញការចូលរួមឃោសនាជាការចាំបាច់ពីសំណាក់យុវជន ប៉ុន្តែយុវជនមិនគួរបង្វែរទិដ្ឋភាពការឃោសនាមកជាការប្រើពាក្យ មិនល្អ ឬអំពើហិង្សាដាក់គ្នានោះឡើយ។ ពីព្រោះការចូលរួមឃោសនា ឬគាំទ្របក្សណាមួយនោះវាគឺជាទស្សនៈនៃការយល់ឃើញ និងជាការអោយតម្លៃពីសំណាក់យុវជនចំពោះគោលនយោបាយនៃគណបក្សនីមួយៗដែល ខ្លួនស្រលាញ់ និងគាំទ្ររៀងៗខ្លួនតែប៉ុណ្ណោះ។ វាមិនមែនជាវេទិកាដែលគូសត្រូវត្រូវបង្ហួតនិងប្រយុទ្ធគ្នានៅលើ ទីលានសមរភូមិនោះឡើយ។ ផ្ទុយទៅវិញវាគ្រាន់តែជាយុទ្ធនាការដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់ បក្សតែប៉ុណ្ណោះ។ ហើយគួរតែយល់ថាក្នុងគោលនយោបាយនៃគណបក្សនីមួយៗគឺមានគោលដៅតែមួយ គត់គឺបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋនិងអភិវឌ្ឍជាតិដូចគ្នា។
0 comments:
Post a Comment