ដោយ ឡេង ម៉ាលី
2013-07-28
RFA2013-07-28
ប្រជាពលរដ្ឋយកសន្លឹកឆ្នោតដាក់ចូលហិបឆ្នោត នៅភូមិត្រពាំងក្រសាំង នៃឃុំស្រែណូយ ស្រុកវ៉ារិន ចម្ងាយជាង ៩០គីឡូម៉ែត្រ ភាគខាងលិចឆៀងខាងជើងទីក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
RFA/Hang Savyouth
នៅក្នុងសេចក្ដីប្រកាសរបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន កម្ពុជា សរសេរថា «យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់ អាណត្តិទី៥ នៅទូទាំងប្រទេស បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះរហូតទទួលបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភា នីតិកាលថ្មី ដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលនីតិកាលថ្មី នេះ»។
សេចក្ដីប្រកាសនេះ គឺក្រោយពេលដែលគណបក្សសង្គ្រោះជាតិ សាទរនឹងជ័យជម្នះដូចគ្នា។
ក៏ប៉ុន្តែ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និកហ្វិច (NICFEC) គឺលោក ហង្ស ពុទ្ធា មានប្រសាសន៍ដែរថា ទោះជាគណបក្សណាឈ្នះក៏ដោយ ក៏មិនអាចបង្កើតរដ្ឋាភិបាលតែឯងបានដែរ៖ «តាម ប្រកាសលទ្ធផល គណបក្សប្រជាជន អាចឈ្នះក្នុងការកសាងអាសនៈ។ ប៉ុន្តែមិនអាចឈ្នះ ២ ភាគ ៣ បានទេ។ ហើយផលបញ្ហា ២ ភាគ ៣ ស្ថិតនៅត្រង់ថា ប្រសិនបើអត់គ្រប់ ២ ភាគ ៣ គណបក្សប្រជាជន ចង់ធ្វើប្រកាសសម្រេចអនុម័តកម្មវិធីសំខាន់ៗរបស់ជាតិហ្នឹង គឺអនុម័តអត់កើត ទាល់តែបាន ២ ភាគ ៣។ អ៊ីចឹងត្រូវការគណបក្សសង្គ្រោះជាតិ ដែរ។ ទាំងសង្ខាង បើសិនពីណាឈ្នះ ក៏អត់ឈ្នះដាច់ដែរ»។
ទាក់ទងនឹងលទ្ធផលបោះឆ្នោតនេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺលោក ខៀវ កាញារីទ្ធ បានផ្ដល់លទ្ធផលស្មានដំបូងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន ៥៥កៅអី។
ក៏ប៉ុន្តែ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គណបក្សសង្គ្រោះជាតិ នៅមិនយល់ស្របជាមួយលទ្ធផលប៉ាន់ស្មានរបស់គណបក្សប្រជាជនកម្ពុជា នៅឡើយទេ ដោយរង់ចាំលទ្ធផលចុងក្រោយសិន៖ «ទិន្នន័យហ្នឹង គឺបានពីឯកឧត្ដម ខៀវ កាញារីទ្ធ។ ដល់អ៊ីចឹងទៅ យើងមិនដឹងថានេះឬអត់។ យើងកំពុងប្រមូលទិន្នន័យខាងយើង ហើយនឹងផ្ទៀងផ្ទាត់ជាមួយ គ.ជ.ប តើមានការខុសគ្នាឬអត់»។
នៅយប់ថ្ងៃទី២៨ កក្កដា ទូរទស្សន៍ជាតិកម្ពុជា បានផ្សាយលទ្ធផលរាប់សន្លឹកឆ្នោតបឋម ដែលទទួលបានពីគ្រប់ខេត្តក្រុងទូទាំងប្រទេស បង្ហាញថា គណបក្សប្រជាជន នាំមុខគណបក្សសង្គ្រោះជាតិ បើទោះជាខេត្តក្រុងធំៗខ្លះ គណបក្សសង្គ្រោះជាតិ នាំមុខគណបក្សប្រជាជន ក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលបឋម និងមិនផ្លូវការរបស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅថា អង្គការ ខុមហ្វ្រែល (Comfrel) ដែលចេញផ្សាយនៅវេលាម៉ោង ៤ ជិតភ្លឺនៃថ្ងៃទី២៩ កក្កដា នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈចំនួន ៦៧កៅអី ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៦កៅអី។ ខេត្តក្រចេះ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ១កៅអី និងគណបក្សសង្គ្រោះជាតិ ទទួលបាន ២កៅអី កំពុងតែនៅផ្ទៀងផ្ទាត់នៅឡើយ៕
0 comments:
Post a Comment