ដោយ អាន ស៊ីថាវ
2013-07-30
RFA2013-07-30
កងកម្លាំងប្រដាប់អាវុធត្រូវគេដាក់ពង្រាយដើម្បីការពារ សន្តិសុខនៅក្បែរស្ពានស្ទឹងមាន បន្ទាប់ពីមានការប៉ះទង្គិចរវាងពលរដ្ឋនិងសមត្ថកិច្ចនៅមណ្ឌលបោះ ឆ្នោតស្ទឹងមានជ័យ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
RFA/Mom Sophon
មជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល មានការព្រួយបារម្ភចំពោះស្ថានការណ៍ក្រោយការបោះឆ្នោតនីតិកាលទី៥ ថាអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខនៅក្នុងសង្គម ប្រសិនបើគូប្រកួតប្រជែងសំខាន់ដោះស្រាយមិនត្រូវរ៉ូវគ្នានោះ។
អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា នៅពេលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្ដងៗ ប្រជាពលរដ្ឋកម្ពុជា តែងតែភ័យខ្លាចនឹងមានសង្គ្រាមកើតឡើង។
ប្រជាពលរដ្ឋមួយចំនួនបានអះអាងអំពីការចល័តទ័ពរបស់រដ្ឋាភិបាល នៅអំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត ជាទិដ្ឋភាពបង្កឲ្យមានការភ្នាក់ផ្អើលនៅក្នុងសង្គម។ លោកបញ្ជាក់ថា ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា អាចងាយបង្កើតឲ្យអំពើហិង្សាកើតឡើងទាក់ទងនឹងរឿងនយោបាយ។
លោក កែម ឡី មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋដែលឆាប់ជឿលើពាក្យចចាមអារ៉ាមដោយសារតែខ្វះព័ត៌មាន គ្រប់គ្រាន់ បទពិសោធន៍បាក់ស្បាតពីអតីតកាល និងសមត្ថភាពយល់ដឹងអំពីបញ្ហាសង្គមនិងនយោបាយរបស់ប្រជាពលរដ្ឋនៅ មានកម្រិត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មូលដ្ឋានដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចដោយសារតែកងកម្លាំងប្រដាប់ អាវុធខ្វះភាពឯករាជ និងស្ថិតនៅក្រោមកណ្ដាប់ដៃរបស់គណបក្សគ្រប់គ្រងប្រទេស។ លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យសង្គមមួយធានាបាននូវស្ថិរភាព លុះត្រាតែកងកម្លាំងប្រដាប់អាវុធមិនមែនជារបស់គណបក្សនយោបាយ។ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើន តែងតែជឿលើពាក្យចចាមអារ៉ាម ដោយសារតែខ្វះខាតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់ទៅកាន់ ប្រជាពលរដ្ឋ។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា បណ្ដាញសង្គមមួយចំនួនក៏ជាកត្តាមួយញុះញង់បង្កឲ្យមានអំពើហិង្សា កើតឡើយដែរ ដោយសារព័ត៌មានមួយចំនួនបានផ្សាយនូវព័ត៌មានមិនពិត។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតអាណត្តិទី៥នេះ មានសញ្ញាវិជ្ជមានច្រើនដែលឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋពិត ប្រាកដដែលទាមទារឲ្យមានកំណែទម្រង់ដើម្បីផលប្រយោជន៍ជាតិនិង សង្គម។
លោក អ៊ូ វីរៈ បញ្ជាក់ថា រដ្ឋាភិបាលនៅអាណត្តិថ្មី ទាមទានូវកំណែទម្រង់លើស្ថាប័នបីសំខាន់ៗ ដូចជាទីមួយគឺស្ថាប័នរៀបចំការបោះឆ្នោតឲ្យមានភាពឯករាជ និងអាចជឿទុកចិត្តបាន ទីពីរ គឺផ្ដល់ព័ត៌មានដែលទុកចិត្តបានដល់ប្រជាពលរដ្ឋ និងទីបី គឺកំណែទម្រង់កងកម្លាំងប្រដាប់អាវុធឲ្យមានភាពឯករាជ ឬមិនចំណុះឲ្យគណបក្សនយោបាយ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ប្រវត្តិសាស្ត្រនយោបាយនៅកម្ពុជា បានបង្ហាញថា ការដោះដូរអំណាចតែងតែបង្កើតឲ្យសង្គ្រាម។ សកម្មភាពរបស់អ្នកនយោបាយ និងសេចក្ដីថ្លែងការណ៍របស់គណបក្សនយោបាយ អាចបង្កើតឲ្យមានអំពើហិង្សានៅសង្គម។ លោក សុខ ទូច មានប្រសាសន៍បន្ថែមថា ការមិនចុះសម្រុងរបស់អ្នកនយោបាយនៅកម្ពុជា បានជះឥទ្ធិពលដល់ការព្រួយបារម្ភដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ បានសំដែងការព្រួយបារម្ភអំពីបញ្ហាដែលកើតមាននៅក្នុងសង្គម ប៉ុន្តែមានអ្នកខ្លះទៀតបានអះអាងថា មិនខ្វល់អំពីបញ្ហានយោបាយឡើយ។
អ្នកវិភាគសង្គមបានអះអាងថា ក្រុមប្រជាពលរដ្ឋកម្ពុជា ដែលងាយទទួលភាពភ័យខ្លាចពីបញ្ហាសង្គម និងនយោបាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្រុមនោះនឹងធ្វើខាតប្រយោជន៍ដល់ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ សង្គម និងសេដ្ឋកិច្ចជាតិទៅវិញ។ បញ្ហានយោបាយនៅកម្ពុជា មិនអាចបង្កឲ្យសង្គ្រាមឡើយ ប៉ុន្តែអាចបង្កឲ្យមានអំពើហិង្សាខាងផ្នែកនយោបាយទៅវិញ។
ទោះ ជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានអះអាងថា ការបោះឆ្នោតអាណត្តិទី៥នេះ មានការថយចុះបទល្មើសទូទៅ ៤២% បទឧក្រិដ្ឋថយចុះប្រមាណជា ៥៤% និងបទមជ្ឈិមថយចុះប្រមាណជា ២៥% បើប្រៀបធៀបការបោះឆ្នោតអាណត្តិឆ្នាំ២០០៨។
លោក ស ខេង បានបញ្ជាក់ថា ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺជាកត្តាសំខាន់ដើម្បីធានាបាននូវសេចក្ដីសុខនៅក្នុងសង្គម និងសេដ្ឋកិច្ចគ្រួសារ។
អ្នកវិភាគសង្គមបានរកឃើញថា ដើម្បីជៀសវាងបញ្ហាសង្គមដែលកើតឡើងពីការបោះឆ្នោត គឺទាមទារស្ថាប័នរៀបចំការបោះឆ្នោតដែលមជ្ឈដ្ឋានទូទៅទទួលស្គាល់បាន។ ការបោះឆ្នោតត្រូវគោរព តាមការសម្រេចចិត្ត និងឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដ៕
0 comments:
Post a Comment