ដោយ ឡេង ម៉ាលី
2013-07-28
RFA2013-07-28
ពលរដ្ឋចូលរួមបោះឆ្នោតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាមណ្ឌលបោះឆ្នោត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
RFA/Mom Sophon
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលឆ្នោតនៅរំលងអាធ្រាត្រថ្ងៃទី២៨ កក្កដា ថា គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់គណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្ដីប្រកាសរបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា សរសេរថា៖ យោង តាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អាណត្តិ ទី៥ នៅទូទាំងប្រទេស បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះរហូតទទួលបានអាសនៈភាគច្រើនដាច់ខាតក្នុងរដ្ឋសភា នីតិកាលថ្មី ដែលមានបរិមាណគ្រប់គ្រាន់ក្នុងការរៀបចំរាជរដ្ឋាភិបាលនីតិកាលថ្មី នេះ។
សេចក្ដីប្រកាសនេះ គឺក្រោយពេលដែលគណបក្សសង្គ្រោះជាតិ សាទរនឹងជ័យជម្នះដូចគ្នា។ ក៏ប៉ុន្តែ នាយក ប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) គឺលោក ហង្ស ពុទ្ធា មានប្រសាសន៍ដែរថា ទោះជាគណបក្សណាឈ្នះក៏ដោយ ក៏មិនអាចបង្កើតរដ្ឋាភិបាលតែឯងបានដែរ។
លោក ហង្ស ពុទ្ធា៖ «តាមប្រកាស លទ្ធផល គណបក្សប្រជាជន អាចឈ្នះក្នុងការកសាងអាសនៈ ប៉ុន្តែមិនអាចឈ្នះ ២ ភាគ ៣ បានទេ។ ហើយផលបញ្ហា ២ ភាគ ៣ ស្ថិតនៅត្រង់ថា ប្រសិនបើអត់គ្រប់ ២ ភាគ ៣ គណបក្សប្រជាជនចង់ធ្វើប្រកាសសម្រេចអនុម័តកម្មវិធីសំខាន់ៗរបស់ជាតិ ហ្នឹង គឺអនុម័តអត់កើត ទាល់តែបាន ២ ភាគ ៣ អ៊ីចឹងត្រូវការគណបក្សសង្គ្រោះដែរ។ ទាំងសង្ខាង បើសិននរណាឈ្នះ ក៏អត់ឈ្នះដាច់ដែរ»។
ទាក់ទងនឹងលទ្ធផលបោះឆ្នោតនេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺលោក ខៀវ កាញារីទ្ធ បានផ្ដល់លទ្ធផលស្មានដំបូងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន ៥៥។ ក៏ប៉ុន្តែ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គណបក្សសង្គ្រោះជាតិនៅមិនយល់ស្របជាមួយលទ្ធផលប៉ាន់ស្មានរបស់ គណបក្សប្រជាជនកម្ពុជា នៅឡើយទេ ដោយរង់ចាំលទ្ធផលចុងក្រោយសិន៖ «ទិន្នន័យ ហ្នឹងគឺបានពីឯកឧត្ដម ខៀវ កាញារីទ្ធ។ ដល់អ៊ីចឹងទៅយើងមិនដឹងថានេះឬអត់។ យើងកំពុងប្រមូលទិន្នន័យខាងយើង ហើយនឹងផ្ទៀងផ្ទាត់ជាមួយ គ.ជ.ប តើមានការខុសគ្នាឬអត់»។
នៅយប់ថ្ងៃទី២៨ កក្កដា ទូរទស្សន៍ជាតិកម្ពុជា បានផ្សាយលទ្ធផលរាប់សន្លឹកឆ្នោតបឋម ដែលទទួលបានពីគ្រប់ខេត្តក្រុងទូទាំងប្រទេសបង្ហាញថា គណបក្សប្រជាជននាំមុខគណបក្សសង្គ្រោះជាតិ បើទោះជាខេត្ត ក្រុងធំៗខ្លះ គណបក្សសង្គ្រោះជាតិនាំមុខគណបក្សប្រជាជនក៏ដោយ៕
0 comments:
Post a Comment