ដោយ ដែន អយុធ្យា
2013-07-26
RFA2013-07-26
ពលរដ្ឋនៅខេត្តតាកែវ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលគេបិទនៅតាមមូលដ្ឋាន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១។
RFA/Ouk Savborey
យុវជនបក្សសង្គ្រោះជាតិ ស្នើឲ្យប្រជាពលរដ្ឋត្រូវទាក់ទងតាមលេខទូរស័ព្ទ ០១១ ៨៤ ៣០ ៣០ លេខ ០៧៧ ៥៣ ៧៦ ៥៣ លេខ ០៨១ ៤២ ៤២ ០៧ លេខ ០៧០ ៣០ ៣០ ៤០ លេខ ០៦០ ៧១៣ ៧៧៧ លេខ ០៦៦ ៧១៣ ៧៧៧ លេខ ០៦៧ ៧១៣ ៧៧៧ ឬ លេខ ០៦៨ ៧១៣ ៧៧៧។
ការបង្កើតក្រុមការងារជួយរកឈ្មោះពលរដ្ឋក្នុងបញ្ជីបោះឆ្នោត ផ្ដើមដោយគណបក្សសង្គ្រោះជាតិ កើតមានបន្ទាប់ពី គ.ជ.ប ត្រៀមបិទគេហទំព័រស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមានអាសយដ្ឋាន Voterlist.org.kh របស់ខ្លួនមិនឲ្យដំណើរការនៅថ្ងៃទី២៧ ខែកក្កដា រហូតទៅ។
បន្ថែមលើនេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គ.ជ.ប មិនគួរបិទគេហទំព័រស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ខ្លួននៅ ពេលនេះទេ។ លោករិះគន់ថា ការបិទគេហទំព័រស្វែងរកឈ្មោះរបស់ គ.ជ.ប ពេលនេះ។ លោកស្នើដល់ គ.ជ.ប ត្រូវបើកគេហទំព័រស្វែងរកឈ្មោះអ្នកបោះឆ្នោតរបស់ខ្លួនឡើងវិញ ព្រោះការបិទនេះបង្ហាញពីភាពមិនប្រក្រតីនៅមុនការបោះឆ្នោតជាតិ នីតិកាលទី៥ ជិតចូលមកដល់៖ «មានទូរស័ព្ទមកមានបាត់ឈ្មោះច្រើន។ ទោះជាបាត់ឈ្មោះរកមិនឃើញក្នុងប្រព័ន្ធកុំព្យូទ័រក៏ដោយ ក៏បងប្អូនត្រូវអញ្ជើញទៅការិយាល័យបោះឆ្នោត ដើម្បីទៅរកនៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតទៀត។ ហើយខ្ញុំសូមអំពាវនាវផងដែរ។ ហើយសុំកុំឲ្យ គ.ជ.ប ហ្នឹងបិទគេហទំព័របញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ព្រោះថ្ងៃហ្នឹងជាថ្ងៃសំខាន់។ ថ្ងៃហ្នឹងជាថ្ងៃបោះឆ្នោត បែរជាថ្ងៃត្រូវរកឈ្មោះបោះឆ្នោតទៅជាបិទគេហទំព័រទៅវិញជាចម្លែក មែនទែន»។
យ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងបដិសេធថា ស្ថាប័នខ្លួនមិនអាចបើកគេហទំព័រស្វែងរកឈ្មោះអ្នកបោះឆ្នោត ដែល គ.ជ.ប ប្រកាសបិទនេះបានទេ។ ប៉ុន្តែ លោកថា ប្រជាពលរដ្ឋនៅអាចបន្តស្វែងរកឈ្មោះ ឬសួរនាំលើបញ្ហាផ្សេងៗ ទាក់ទងការបោះឆ្នោតដោយទូរស័ព្ទមកមន្ត្រី គ.ជ.ប តាមរយៈលេខទូរស័ព្ទចំនួន ៥ខ្សែ មានដូចជា៖ «ក្នុងករណីដែលបងប្អូន ត្រូវការរកឈ្មោះ អាចទូរស័ព្ទទៅលេខ មានក្បាល ០១១/០១៦/០៨១/០៨៦ និង ០៩៩ ហើយលេខខាងចុង គឺដូចគ្នា មានលេខ ៩៨ ៧៧ ៦៦»។
ទាក់ទិនបញ្ហានេះ លោក អាត់ ធន់ ប្រធានសហភាពសហជីពកម្ពុជា ក៏បានផ្ញើសារជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតឲ្យបានទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា។ លោកថា ការបោះឆ្នោតនេះ ពលរដ្ឋត្រូវតាមឆន្ទៈរៀងៗខ្លួន និងមិនត្រូវខ្លាចការគំរាមកំហែងពីបុគ្គល ឬបក្សនយោបាយណាមួយនោះទេ។ ប៉ុន្តែ បើសិនជាកម្មករកម្មការិនី ឬប្រជាពលរដ្ឋមានព័ត៌មានផ្សេងៗ ទាក់ទងការងារបោះឆ្នោត ត្រូវទាក់ទងទូរស័ព្ទមកសហភាពការងារកម្ពុជា តាមទូរស័ព្ទលេខ ០១២ ៩៩៨ ៩០៦ ឬ ០៦០ ៧៩៩ ៨៨៨។
យុទ្ធនាការឃោសនាបោះឆ្នោតសភាអាណត្តិទី៥ បញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា។ រីឯការបោះឆ្នោតចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
0 comments:
Post a Comment