ដោយ យាង សុជាមេត្តា
2013-09-05
RFA2013-09-05
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោក គឹម គុណវឌ្ឍន៍ បានមានប្រសាសន៍ថា ការចុះយកព័ត៌មានទាក់ទងនឹងរឿងជាតិ គឺជាភារកិច្ចរបស់អ្នកយកព័ត៌មានទូរទស្សន៍លោកដែលតែងធ្វើជាប្រចាំ ហើយសម្រាប់ព្រឹត្តិការណ៍មហាបាតុកម្មរបស់គណបក្សប្រឆាំងនៅថ្ងៃទី៧ កញ្ញា ក៏ជាព្រឹត្តិការណ៍សង្គមមួយដែលក្រុមការងាររបស់លោកត្រូវចុះយក ព័ត៌មានជាធម្មតា។
លោក គឹម គុណវឌ្ឍន៍៖ «សម្រាប់ ទ.ទ.ក យើងខ្ញុំ យើងមិននិយាយថាពាក្យត្រៀមអ៊ីទេ ពីព្រោះយើងមានក្រុមរបស់យើងចុះយកកិច្ចការងារសង្គមហ្នឹងគ្រប់ពេល វេលាទាំងអស់ ដូច្នេះមិនមានន័យថា ជារឿងត្រៀមមិនត្រៀមអ៊ីទេ»។
លោក គឹម គុណវឌ្ឍន៍ បានបន្ថែមទៀតថា ក្រុមអ្នកយកព័ត៌មានទូរទស្សន៍ ទ.ទ.ក តែងចុះយកព័ត៌មានគ្រប់ពេលវេលា និងផ្ដិតយកគ្រប់សកម្មភាពទាំងអស់ តែថា ទូរទស្សន៍របស់លោកត្រូវផ្សព្វផ្សាយ ឬមិនផ្សព្វផ្សាយព័ត៌មានទាំងនោះ វាអាស្រ័យលើខ្លឹមសារនៃព័ត៌មាន។
លោកថា ទូរទស្សន៍ជាតិគឺជាបណ្ដាញផ្សព្វផ្សាយតំណាងឲ្យកម្ពុជា ដូច្នេះក្រុមការងាររបស់លោកតែងពិចារណាលើព័ត៌មានណាដែលគួរផ្សាយ និងព័ត៌មានណាដែលមិនគួរផ្សាយ។ លោកអះអាងថា ប្រសិនបើព័ត៌មានណាដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា ឬធ្វើឲ្យបរទេសមើលងាយចំពោះប្រជាជាតិកម្ពុជា ជាពិសេសគឺព័ត៌មានទាក់ទងអំពើហិង្សាតែម្តង នោះទូរទស្សន៍របស់លោកនឹងពិចារណាឲ្យបានហ្មត់ចត់មុននឹងផ្សព្វផ្សាយ។
លោកថា នៅពេលនេះលោកមិនទាន់អាចសន្និដ្ឋានបានថា តើព្រឹត្តិការណ៍បាតុកម្មរបស់បក្សប្រឆាំងវានឹងទៅជាយ៉ាងណានោះទេ៖ «ឥឡូវ យើងកំពុងពិនិត្យសភាពការណ៍ហ្នឹងថាតើស្ថានការណ៍វាយ៉ាងម៉េច ស្ថានការណ៍ដូចដែលគេបានលើកឡើង ឬក៏ស្ថានការណ៍មានការខុសពីបញ្ហាហ្នឹង? ចំពោះយើងទាំងអស់គ្នា រួមទាំងរូបខ្ញុំជាបុគ្គលក្តី ជាអ្នកគ្រប់គ្រងស្ថានីយរបស់រដ្ឋក្តី គឺមានបំណងចង់ឲ្យមានសុវត្ថិភាពក្នុងសង្គមកម្ពុជាទាំងមូល។ ហេតុដូច្នេះហើយយើងជឿជាក់ថា នឹងមានសេចក្ដីសុខ សេចក្ដីស្ងប់សម្រាប់ពលរដ្ឋទូទៅ»។
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រូបនេះ ក៏បានលើកឡើងផងដែរថា ជាទូទៅក្រុមអ្នកយកព័ត៌មានទូរទស្សន៍របស់លោកតែងទទួលការប្រមាថ និងពាក្យអសុរោះពីសំណាក់អ្នកគាំទ្របក្សប្រឆាំង តែលោកតែងបានណែនាំអ្នកយកព័ត៌មានលោកថា នេះគឺគ្រាន់តែជាការសម្ដែងមតិរបស់បុគ្គលផ្ទាល់ខ្លួន ដូច្នេះលោកតែងស្នើឲ្យបុគ្គលិករបស់លោកធ្វើការអត់ធ្មត់ មិនតបតចំពោះការប្រមាថរបស់ក្រុមអ្នកប្រឆាំងនឹងត្រូវប្រកាន់ ខ្ជាប់នូវអាកប្បកិរិយាជាអ្នកយកព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
នាយកការផ្សាយនៃកាសែតកោះសន្តិភាព លោក ប៉ុល សារឿន បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកនឹងយកព័ត៌មានពីព្រឹត្តិការណ៍បាតុកម្មរបស់បក្ស ប្រឆាំងជាធម្មតាដូចជាព័ត៌មានឯទៀតដែលកើតឡើងក្នុងសង្គមកម្ពុជា។
លោក ប៉ុល សារឿន មិនបានសម្ដែងការព្រួយបារម្ភថា នឹងមានបញ្ហាអសន្តិសុខកើតឡើងចំពោះអ្នកយកព័ត៌មានរបស់លោកនោះទេ ដោយលោកលើកឡើងថា បើពលរដ្ឋទាំងអស់គ្នាប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាព នោះវានឹងគ្មានបញ្ហាអ្វីកើតឡើងឡើយ៖ «អត់ផង ខ្ញុំអត់ទេ ខ្ញុំចាត់ទុកធម្មតា ព័ត៌មានធម្មតាៗ ថាយកព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ព័ត៌មានស្រុកខ្មែរឲ្យគ្រប់ជ្រុងជ្រោយ កើតមានមួយខ្វះមួយហ្នឹង»។
ផ្ទុយពីអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងនាយកការផ្សាយកាសែតកោះសន្តិភាព និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង បានមានប្រសាសន៍ថា លោកចាត់ទុកព្រឹត្តិការណ៍មហាបាតុកម្មរបស់បក្សប្រឆាំងនៅថ្ងៃទី៧ កញ្ញា ថា ជាព្រឹត្តិការណ៍នយោបាយសំខាន់មួយ។ លោកថា សម្រាប់ព្រឹត្តិការណ៍នយោបាយធំៗដូចនេះ ព័ត៌មានរបស់លោកតែងដាក់ពង្រាយក្រុមការងារដើម្បីតាមដាន និងយកព័ត៌មានឲ្យបានល្អិតល្អន់និងគ្រប់ជ្រុងជ្រោយ។
លោក កៃ គឹមហុង៖ «មានន័យថា មានទាំងអ្នកថតរូប មានទាំងអ្នកថតវីដេអូ មានទាំងអ្នកយកព័ត៌មាន មានទាំងអ្នកធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកវិភាគផ្សេងៗ។ មានន័យថា យើងប្រមូលព្រឹត្តិការណ៍ហ្នឹងឲ្យបានគ្រប់ប្រភពដើម្បីវិភាគមើលថា តើរឿងហ្នឹងវាយ៉ាង ម៉េចពិតប្រាកដ»។
ទាក់ទងបញ្ហាអសន្តិសុខវិញ និពន្ធនាយករូបនេះពុំសូវសម្ដែងក្តីបារម្ភឡើយ ព្រោះលោកយល់ថា បើទោះបីបាតុកម្មនេះមានការចូលរួមច្រើនពីប្រជាពលរដ្ឋក្តី ក៏មហាបាតុកម្មរបស់បក្សប្រឆាំងនៅលើកនេះ វាគ្រាន់តែជាការជួបជុំគ្នាដើម្បីធ្វើសមាធិតែប៉ុណ្ណោះ។ ដូច្នេះ សម្រាប់លោក កៃ គឹមសុង មហាបាតុកម្មនេះនឹងមិនធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ឬរំជើបរំជួលនោះទេ។ តែលោកថា ប្រសិនបើមានបញ្ហាហិង្សាកើតឡើង ក្រុមអ្នកយកព័ត៌មានរបស់លោកមានវិធីសាស្ត្រគ្រប់គ្រាន់ ដើម្បីការពារខ្លួនតាមវិជ្ជាជីវៈរបស់ពួកគេ។
លោក កែ គឹមហុង៖ «មិនមែនជាថ្ងៃមហាបាតុកម្មទៀតទេ គឺជាថ្ងៃមហាសមាធិ គេមិនមានរឿងធំដុំដែលគួរឲ្យកត់សម្គាល់ទេ អ៊ីចឹងមានន័យថា គឺជាការជួបជុំប្រកបទៅដោយទឹកចិត្តសន្តិភាព ដូច្នេះមិនមានរឿងអ៊ីត្រូវរៀបចំជាដុំកំភួនទេ»។
រីឯប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សាមិទ្ធិ វិញ ចាត់ទុកថា ព្រឹត្តិការណ៍មហាបាតុកម្មរបស់បក្សប្រឆាំង គឺជាព្រឹត្តិការណ៍ពិសេសមួយដែលក្លឹបរបស់លោកនឹងមិនអាចមើលរំលង បានទេ ហើយលោកថា ក្លឹបរបស់លោកនឹងបញ្ជូនភ្នាក់ងារដើម្បីចុះពិនិត្យមើលដល់កន្លែង ក្រែងមានការរំលោភផ្សេងៗលើអ្នកកាសែត។
លោក ប៉ែន សាមិទ្ធិ៖ «ហើយនៅក្នុងថ្ងៃហ្នុង យើងបានប្រាប់គ្នាថា ឲ្យបង្កើនការយកចិត្តទុកដាក់ដើម្បីពិនិត្យមើលសកម្មភាពផ្សេងៗ ព្រោះកន្លងមកវាមានជាការរំលោភទៅលើអ្នកកាសែតខ្លះៗដែរ។ ជារួមបងប្អូនក្នុងក្លឹបគាត់បំពេញការងារដោយឆន្ទៈរបស់គាត់ដែល គាត់ស្រឡាញ់ គាត់ចង់ឲ្យអ្នកដែលរួមអាជីពរបស់គាត់ហ្នឹងមានសុវត្ថិភាព»។
ជាការកត់សម្គាល់ គេសង្កេតឃើញថា បណ្ដាញសារព័ត៌មានក្នុងស្រុកដែលមាននិន្នាការគាំទ្របក្សកាន់អំណាច ពុំសូវចាប់អារម្មណ៍ផ្សព្វផ្សាយពីព្រឹត្តិការណ៍នយោបាយសំខាន់ៗ ទាក់ទងនឹងគណបក្សប្រឆាំងឡើយ។ ជាក់ស្ដែងការវិលត្រឡប់ចូលប្រទេសកម្ពុជា របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិញ កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៣ ត្រូវបានបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យជាតិនិងអន្តរជាតិ បានចុះផ្សាយយ៉ាងព្រោងព្រាត តែផ្ទុយទៅវិញ បណ្ដាញផ្សព្វផ្សាយមួយចំនួនដែលមាននិន្នាការទៅរកគណបក្សកាន់អំណាច មិនបានផ្សព្វផ្សាយពីព្រឹត្តិការណ៍ ពិសេសនោះឡើយ ជាពិសេសគឺបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ ទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា។
បើគ្មានអ្វីប្រែប្រួលនោះទេ គណបក្សសង្គ្រោះជាតិនឹងដឹកនាំអ្នកគាំទ្ររបស់ខ្លួនចូលរួមធ្វើមហា បាតុកម្មនៅថ្ងៃទី៧ កញ្ញា ២០១៣ នៅទីលានប្រជាធិបតេយ្យទីក្រុងភ្នំពេញ ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេចំពោះលទ្ធផលបោះឆ្នោត និងដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យស៊ើបអង្កេតពីភាព មិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ២០១៣។ គណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈហើយថា មហាបាតុកម្មដែលគេគ្រោងនឹងរៀបចំឡើង គឺជាបាតុកម្មអហិង្សាដែលមានបញ្ចូលកម្មវិធីស្មិងស្មាធិ៍ បួងសួង សុំសន្តិភាពនៅនឹងកន្លែង៕
0 comments:
Post a Comment