ដោយ ឡេង ម៉ាលី
2013-09-05
RFA2013-09-05
ទិដ្ឋភាពក្នុងសវនាការនាថ្ងៃទី២៩ មិថុនា ២០០៩ នៅសាលាក្ដីខ្មែរក្រហម។
Photo courtesy of ECCC
អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ សរសេរបន្តថា ការដែលរដ្ឋាភិបាលកម្ពុជា មិនព្រមផ្ដល់ប្រាក់ខែឱ្យបុគ្គលិកខាងភាគីកម្ពុជា នៅសាលាក្ដីខ្មែរក្រហម គឺជាការប៉ុនប៉ងចុងក្រោយ ដើម្បីធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងនានា ក្នុងការនាំយកអតីតខ្មែរក្រហមមកកាត់សេចក្ដី។
ការដែលមិនផ្ដល់ប្រាក់ខែដល់បុគ្គលិកនេះ ក៏ជាការគំរាមកំហែងដល់ដំណើរការជំនុំជម្រះវគ្គទី១ លើអតីតខ្មែរក្រហមពីររូប គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលសាលាក្ដីខ្មែរក្រហមប្រឹងប្រែងបញ្ចប់ និងចេញសាលក្រមនៅដើមឆ្នាំ២០១៤។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ បានដកស្រង់សម្ដីនាយកប្រតិបត្តិរបស់ខ្លួនប្រចាំអាស៊ី គឺលោក ប្រែត អាដាម (Brad Adams) ដែលថ្លែងថា លោកនាយករដ្ឋមន្ត្រីបានចំណាយពេលបង្អាក់ដំណើរការជំនុំជម្រះក្ដី អតីតមេដឹកនាំខ្មែរក្រហមរាប់ឆ្នាំមកហើយ ប៉ុន្តែម្ចាស់ជំនួយនៅតែបន្តផ្ដល់លុយសម្របសម្រួលដល់សាលាក្ដីនេះ ទៀត៖ «ម្ចាស់ជំនួយ ចុងក្រោយគួរតែហៅថា នេះការបោកបញ្ឆោតរបស់គាត់ និងផ្អាកជំនួយនាពេលអនាគត រហូតទាល់តែរដ្ឋាភិបាលកម្ពុជា ផ្ដល់ចំណែកលុយចំណាយសម្រាប់សាលាក្ដីដែលខ្លួនបានព្រមព្រៀង»។
សេចក្ដីថ្លែងការណ៍បន្តថា តាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតសាលាក្ដីខ្មែរក្រហម គឺភាគីអង្គការសហប្រជាជាតិ ត្រូវទទួលខុសត្រូវលើការបើកប្រាក់ខែឱ្យបុគ្គលិកដែលខ្លួនជ្រើស រើស ហើយភាគីកម្ពុជា ជាអ្នកទទួលខុសត្រូវលើប្រាក់ខែបុគ្គលិកនៅខាងភាគីខ្លួន។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងថា នៅពេលនេះ បុគ្គលិកខាងភាគីកម្ពុជា ចំនួន ១៤០នាក់ ក្នុងចំណោម ២៥០នាក់ នៅនាំគ្នាបន្តឈប់ធ្វើការងារជាបណ្ដោះអាសន្ននៅឡើយ ដោយសារតែមិនបានទទួលប្រាក់ខែ ៣ខែមកហើយ ហើយក៏មិនទាន់បានទទួលដំណឹងវិជ្ជមានណាមួយពីផ្នែករដ្ឋបាលដែរ។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកជំនាញការពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់ជំនួយសាលាក្ដីខ្មែរក្រហម គឺលោក ដេវីដ សេហ្វើរ (Dvid Scheffer) បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ដោយថ្លែងថា បញ្ហានេះ គឺបណ្ដាលមកពីរដ្ឋាភិបាលកម្ពុជា ខកខានមិនបានបំពេញកាតព្វកិច្ចច្បាប់ក្នុងការផ្ដល់ប្រាក់ខែដល់ បុគ្គលិកខាងភាគីខ្លួនរបស់ខ្លួន។ លោក ដេវីដ សេហ្វើរ បន្តថា អង្គការសហប្រជាជាតិបានដាស់តឿនរដ្ឋាភិបាលកម្ពុជា ម្ដងហើយម្ដងទៀត ឱ្យបង្កើនការបំពេញកាតព្វកិច្ចច្បាប់របស់ខ្លួន ដើម្បីចៀសវាងវិបត្តិទាំងនេះ។ ប៉ុន្មានខែកន្លងមកនេះ ទាំងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ និងរូបលោកផ្ទាល់ បានជួបពិភាក្សាជាច្រើនលើកជាមួយរដ្ឋាភិបាលម្ចាស់ជំនួយជាច្រើន ទាក់ទងនឹងបញ្ហានេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានថ្លែងជាសាធារណៈ នៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ កាលថ្ងៃទី២៨ សីហា ថា ជីវិតរបស់សាលាក្ដីខ្មែរក្រហមនៅពេលនេះ កំពុងមានចំណោទនៅឡើយ។
កាលពីខែសីហា លោក ដេវីដ សេហ្វើរ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានជួបរដ្ឋាភិបាលប្រទេស៤ នៅក្នុងអាស៊ាន ដូចជា ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម ដើម្បីស្វែងរកថវិកាសម្រាប់ភាគីជាតិ នៅឆ្នាំ២០១៤។ លោកសង្ឃឹមថា សាលាក្ដីខ្មែរក្រហមនឹងមានស្ថិរភាពនៅពេលអនាគត។ ប៉ុន្តែ នៅក្នុងបរិបថនេះ លោក ដេវីដ សេហ្វើរ បញ្ជាក់ថា បញ្ហាទីមួយដែលមិនប្រកែកបាន គឺសាលាក្ដីនេះត្រូវបង្កើនល្បឿន និងប្រសិទ្ធភាពក្នុងកិច្ចដំណើរការជំនុំជម្រះរបស់ខ្លួន។
លោកថ្លែងថា អង្គការសហប្រជាជាតិ សង្ឃឹមថា បញ្ហាអត់ថវិកានេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ហើយនឹងផ្ដល់បរិយាកាសឱ្យបុគ្គលិកទាំងនោះបន្តការងារដ៏សំខាន់នៅ សាលាក្ដីខ្មែរក្រហម និងឱ្យសម្រេចបានការទទួលខុសត្រូវ ស្របតាមអាណត្តិការងាររបស់សាលាក្ដីនេះ។ អង្គការសហប្រជាជាតិនៅតែព្រួយបារម្ភខ្លាំងអំពីសុខុមាលភាពរបស់ បុគ្គលិកខាងភាគីជាតិ និងគ្រួសាររបស់គេ ហើយក៏ព្រួយបារម្ភចំពោះការបន្ទច់បង្អាក់ដំណើរការជំនុំជម្រះរបស់ សាលាក្ដី។ លោកអំពាវនាវដល់បុគ្គលិកខាងភាគីជាតិ ឱ្យរក្សាភាពអត់ធ្មត់នៅពេលដែលអង្គការសហប្រជាជាតិកំពុងបន្ត ប្រឹងប្រែងក្នុងបញ្ហាបន្ទាន់នេះ។
លោក ប្រែដ អាដាម ថ្លែងបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលតាំងចិត្តចំពោះការជំនុំជម្រះក្ដីមេដឹកនាំខ្មែរក្រហមលើស ពីប៉ុន្មាននាក់នោះទេ៖ «ជាក់ស្ដែង គឺការពារសមាជិកបក្ស និងសមាជិករដ្ឋាភិបាលរបស់គាត់ ដែលធ្លាប់នៅក្នុងជួរខ្មែរក្រហមដែរ។ រដ្ឋាភិបាលបង្ហាញថា ខ្លួនមានលុយគ្រប់គ្រាន់ ដើម្បីបំប៉ោងខាងយោធា និងទិញសន្លឹកឆ្នោត។ ដូច្នេះ ការដែលមិនព្រមផ្ដល់លុយដល់សាលាក្ដីខ្មែរក្រហម គឺជាសញ្ញានៃការមើលងាយចំពោះយុត្តិធម៌នៅកម្ពុជា។ ម្ចាស់ជំនួយ និងអង្គការសហប្រជាជាតិ គួរទទូចឱ្យរដ្ឋាភិបាលកម្ពុជា ឈប់ធ្វើពុតជាក្រតទៅទៀត ដើម្បីផ្ដល់ការទទួលខុសត្រូវចំពោះជនរងគ្រោះពីរបបខ្មែរក្រហមរាប់ លាននាក់»។
វិទ្យុអាស៊ីសេរី មិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ ចំពោះសេចក្ដីថ្លែងការណ៍របស់ លោក ប្រែដ អាដាម។
ដោយឡែក ប្រធានរដ្ឋបាលការិយាល័យរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហម គឺលោក ក្រាញ់ តូនី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយថ្លែងថា បញ្ហាវិបត្តិថវិកានេះ គឺមិនអាចចៀសផុតពីការប្រឈមនឹងហានិភ័យនៃភាពរអាក់រអួលការងាររបស់ សាលាក្ដីឡើយ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងថា លោក ក្រាញ់ តូនី ថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងអង្គការសហប្រជាជាតិ ដែលបានជួយដោះស្រាយវិបត្តិថវិកាភាគីកម្ពុជា កន្លងមក និងពេលកំពុងតានតឹងនេះ។
ទាក់ទងនឹងការលើកឡើងអំពីបញ្ហាដែលថា រដ្ឋាភិបាលកម្ពុជា មិនបានបំពេញកាតព្វកិច្ចផ្ដល់លុយដល់សាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា ថ្លែងថា គឺជាការលើកឡើងខុស ហើយថា រដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកាវិភាគទានរបស់ខ្លួនជារៀងរាល់ឆ្នាំ ចាប់តាំងពី ៦សែនដុល្លារ រហូតដល់ ១លាន ៨សែនដុល្លារនៅឆ្នាំ២០១៣។
លោក នេត្រ ភក្ដ្រា៖ «សរុបទៅ គឺរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់វិភាគទានជាសាច់ប្រាក់ និងជាសម្ភារៈបរិក្ខារហ្នឹង រហូតមកដល់ពេលនេះ គឺមានចំនួន ១៨លានដុល្លារអាមេរិកហើយ ហើយស្មើនឹង ១០% ទៅនឹងចំណាយសរុបរបស់តុលាការ។ ហើយយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀងហើយ។ ជាក់ស្ដែង បញ្ហាថវិកាលើប្រាក់បៀវត្សរ៍នេះ ទាំងភាគីជាតិ និងភាគីអន្តរជាតិ នៅក្នុងការអនុវត្តជាក់ស្ដែង គឺបានពឹងអាស្រ័យទាំងស្រុងទៅលើការផ្ដល់វិភាគទានស្ម័គ្រចិត្តពី ក្រុមប្រទេសម្ចាស់ជំនួយ ហើយនៅក្នុងកិច្ចព្រមព្រៀងនេះ ក៏មិនបានហាមឃាត់ដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការស្នើសុំជំនួយពីសហគមន៍អន្តរជាតិ ដើម្បីជួយដល់ភាគីខ្លួនដែរ»។
លោកសង្ឃឹមថា តាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដល់ប្រទេសប្រទេសម្ចាស់ជំនួយក្នុងពេលថ្មីៗ នឹងជួយដល់សាលាក្ដីនេះតទៅទៀត ហើយបុគ្គលិកខាងភាគីកម្ពុជា នឹងបន្តភាពស្ងៀមស្ងាត់ និងអត់ធ្មត់បន្តទៀតក្នុងស្ថានភាពវិបត្តិថវិកាធ្ងន់ធ្ងរនេះ៕
0 comments:
Post a Comment