ដោយ ទេព សុរ៉ាវី
2013-09-04
RFA2013-09-04
៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្ដម សីហមុនី យាងចូលរួមជាអធិបតីភាពក្នុងទិវាបុណ្យឯករាជ្យជាតិខួបទី៥៦ នៅវិមានឯករាជ្យ នារាជធានីភ្នំពេញ។
RFA/Ayuthyea
ព្រះមហាក្សត្រមិនបានឆ្លើយតបចំពោះសំណើសុំរបស់គណបក្សប្រឆាំងដែល សុំយាងព្រះអង្គឲ្យធ្វើព្រះរាជអន្តរាគមន៍ និងជាអាជ្ញាកណ្ដាលដោះស្រាយរឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោត នោះទេ។
ព្រះអង្គបានផ្ញើលិខិតមួយតបនឹងលិខិតស្នើសុំរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣ ខែកញ្ញា ក្នុងន័យអរគុណដល់លោក សម រង្ស៊ី ដែលបានគោរព និងដង្ហែតាមព្រះរាជតម្រិះដែលមានចែងនៅក្នុងព្រះរាជសាររបស់ ព្រះអង្គ ចុះថ្ងៃទី៣០ ខែសីហា។ ប៉ុន្តែក្នុងលិខិតខ្លីរបស់ព្រះអង្គ មិនបានតបចំពោះសំណើសុំរបស់គណបក្សប្រឆាំងដែលចង់ឲ្យទ្រង់មកធ្វើ ព្រះរាជអន្តរាគមន៍រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងលិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២ ខែកញ្ញា។ លោក សម រង្ស៊ី បញ្ជាក់ជំហរថាគណបក្សសង្គ្រោះជាតិ បានរៀបចំគម្រោងធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការពិសេសឯករាជ្យមួយធ្វើការ ស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ដែលការបោះឆ្នោតនោះមិនស្របទៅនឹងគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងដោយស្មើភាព។ ប៉ុន្តែបាតុកម្មនោះធ្វើឡើងក្នុងគោលបំណងរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូរតាមព្រះរាជតម្រិះរបស់ព្រះអង្គ ដោយធ្វើក្នុងរូបភាពបួងសួង ស្មិងស្មាធិ៍ សុំសេចក្ដីសុខសន្តិភាព និងយុត្តិធម៌ជូនដល់ពលរដ្ឋ។
ប្រធានបក្សប្រឆាំងរូបនេះ បានស្នើសុំឲ្យព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ និងធ្វើជាព្រះរាជអាជ្ញាកណ្ដាល ដោះស្រាយចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ដែលពលរដ្ឋម្ចាស់ឆ្នោតចង់បានស្របតាមស្មារតីនៃច្បាប់ រដ្ឋធម្មនុញ្ញត្រង់មាត្រ ៨ និងមាត្រា៩។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងពិធីហាត់សមបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជាច្រើនចូលរួម ដោយបង្ហាញពីមោទនភាពដែលព្រះមហាក្សត្របានចេញលិខិតថ្លែងអំណរគុណ ចំពោះគម្រោងធ្វើបាតុកម្មអហិង្សា និងប្រកបដោយសេចក្ដីថ្លៃថ្នូរ។ លោកមិនបានថ្លែងពីរឿងដែលព្រះមហាក្សត្រមិនតបសំណើសុំដែលចង់ឲ្យ ព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ករណីភាពមិនប្រក្រតីនៃការបោះឆ្នោត ទេ។
យ៉ាងណាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច គាំទ្រចំពោះសំណើសុំរបស់លោក សម រង្ស៊ី ដែលបានយាងព្រះមហាក្សត្រមកធ្វើជាអាជ្ញាកណ្ដាលក្នុងរឿងនេះ។ លោកបញ្ជាក់ថា ព្រះមហាក្សត្រមានភារៈធានាសន្តិសុខសាធារណៈ ដូច្នេះការយាងរបស់ព្រះអង្គមកធ្វើជាអាជ្ញាកណ្ដាលពេលប្រទេសកំពុង ជាមានវិបត្តិជាការត្រឹមត្រូវ។
លោក សុខ ទូច៖ «នេះជាការត្រឹមត្រូវបំផុតដែលឯកឧត្ដម សម រង្ស៊ី ដាក់លិខិតនេះទៅ គឺឆ្លើយតបនឹងមាត្រាទី៨ និងមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះមហាក្សត្រត្រូវតែដើរតួនាទីក្នុងការសម្របសម្រួលឲ្យឯកភាព ជាតិ អ៊ីចឹងពេលដែលជាតិអត់មានឯកភាពជាតិ ព្រះអង្គត្រូវតែដើរតួសម្របសម្រួល ហើយប្រសិនព្រះអង្គអត់ដើរតួទេ ហើយមានបញ្ហា ព្រះអង្គក៏ចូលរួមចំណែកនៅក្នុងរឿងហ្នឹងដែរ ព្រោះតាមមាត្រា ៨ និងមាត្រា ៩ គឺពិតជាត្រូវការព្រះអង្គ។ ធ្វើបែបនេះបានន័យថា អ្នកនយោបាយមានភាពចាស់ទុំផ្នែកលើរដ្ឋធម្មនុញ្ញហើយ»។
ត្បិតសំណើសុំនោះកៀកថ្ងៃធ្វើមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ ដែលកំណត់យកថ្ងៃទី៧ ខែកញ្ញា ក៏ដោយ ក៏លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា មិនទាន់ហួសពេលនៅឡើយទេ ដែលព្រះមហាក្សត្រលូកព្រះហស្តដោះស្រាយក្នុងរឿងនេះ នៅពេលដែលការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើបណ្ដឹងរបស់គណបក្ស នយោបាយ ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោតមិនទាន់ត្រូវបញ្ចប់៕
0 comments:
Post a Comment