ដោយ ជី វិតា
2013-09-01
RFA2013-09-01
វាគ្មិនកិត្តិយសដែលចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី លោកបណ្ឌិត ឡៅ ម៉ុងហៃ។
Photo: RFA
បញ្ហាបច្ចេកទេសមួយទៀត គឺព្រះហស្តលេខារបស់ព្រះអង្គលើលិខិតចុះថ្ងៃទី៧ ខែមេសា និងថ្ងៃទី៣០ ខែសីហា មានលក្ខណៈដូចបេះបិទ ដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ សង្ស័យថា អាចជាការចម្លង៖ «ខ្ញុំមិនបានផ្ទៀងផ្ទាត់អីឲ្យវា ប្រាកដប្រជា១០០ភាគរយនោះទេ ក៏ប៉ុន្តែ ព្រះហស្ថលេខាដូចគ្នាច្រើនពេកធ្វើឲ្យសង្ស័យថា មនុស្សម្នាក់គឺមិនអាចចុះហត្ថលេខា ស៊ីញ៉េហ្នឹងបាន ១០០% នោះទេ រួចខ្ញុំឃើញហត្ថលេខាទាំងពីរហ្នឹងដូចគ្នាខ្លាំងពេក។ ម៉្លោះហើយធ្វើឲ្យខ្ញុំមានការសង្ស័យ ក្រែងលោស្គែនចូល ឬយ៉ាងម៉េច»។
ម៉្យាងទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អាចគណបក្សកាន់អំណាចទទូចឲ្យព្រះអង្គចេញព្រះរាជសារនេះ នៅស្របពេលដែលការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យដែលមានតំណាងសង្គមស៊ីវិល ជាតិ និងអន្តរជាតិចូលរួម ត្រូវគណបក្សប្រជាជនបដិសេធ៖ «ប្រហែលជា ខាងរដ្ឋាភិបាលបានសុំបង្អង់ឲ្យជួយចេញជាព្រះរាជសារហ្នឹងមក ព្រោះរាជសារស៊ីសង្វាក់នឹងជំហររបស់គណបក្សប្រជាជន។ ប្រហែលជាលោកភ្លេចពីបញ្ហាថា ព្រះរាជសារឆ្លុះបញ្ចាំងថា ចេញគឺនៅក្នុងកាលៈទេសៈមួយគឺទាំងអស់គ្នាគេថា វានៅមានបញ្ហាដដែលហ្នឹង រឿងភាពមិនប្រក្រតីហ្នឹង»។
អំពីលទ្ធភាពបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីដោះស្រាយជម្លោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត និងមន្ត្រីគណបក្សប្រជាជនអះអាងថា មិនអាចធ្វើទៅបានទេនោះ ដោយសំអាងថា មិនមានច្បាប់បង្គាប់ឲ្យធ្វើដូច្នោះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា នោះមិនមែនជាបញ្ហាចោទទេ ពីព្រោះបទពិសោធន៍កន្លងមក រាជរដ្ឋាភិបាលបានធ្វើរបៀបនេះរួចទៅហើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ គូសបញ្ជាក់ថា នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតក្រុមនិស្សិតស្ម័គ្រចិត្តដឹកនាំដោយកូនប្រុសរបស់លោកចុះ វាស់វែងដីជូនប្រជាពលរដ្ឋនោះ ក៏មិនមានច្បាប់ឯណាតម្រូវឲ្យធ្វើដូច្នេះដែរ៖ «វាមានករណីយមុនហើយដែលអាចបង្កើតគណៈកម្មការហ្នឹង។ ក្នុងក្របខណ្ឌច្បាប់បោះឆ្នោតហ្នឹងបាន។ ករណីយមុនត្រង់ណា គឺត្រង់សេចក្ដីសម្រេចរបស់សម្ដេចនាយកបង្កើតក្រុមស្ម័គ្រចិត្តជួយ វាស់វែងដីធ្លីបន្ថែមជាជំនួយដល់ក្រសួងរៀបចំដែនដី មានភារកិច្ចវាស់វែងដីធ្លី ហើយនិងចេញប្លង់រឹងឲ្យជូនប្រជាពលរដ្ឋ នេះដូចគ្នាអ៊ីចឹងដែរ គេអាចបង្កើតគណៈកម្មការបច្ចេកទេសដើម្បីទៅជួយគ.ជ.ប ហ្នឹងឯង នេះគឺអត់ខុសគ្នាទេ គ្រាន់តែខុសសមត្ថកិច្ចប៉ុណ្ណឹងទេ។ លំនាំគឺវាដូចគ្នាអ៊ីចឹង និងអាចធ្វើបាន វាអត់មានអីទាស់ខុសទេ ព្រោះវាមានករណីមុនហើយ គ្រាន់តែបទបញ្ជាសូន្យមួយរបស់នាយករដ្ឋមន្ត្រីគេបង្កើតនិស្សិត ស្ម័គ្រចិត្តជួយបាន»។
ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ចុះកាលបរិច្ឆេទថ្ងៃទី៣០ ខែសីហា ផ្ញើជូនជនរួមជាតិរបស់ព្រះអង្គ ដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ មានការសង្ស័យនោះ ក្រៅតែពីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបន្តរក្សាភាពស្ងប់ស្ងៀម ក៏បានអំពាវនាវឲ្យយកច្បាប់កម្ពុជា និងស្ថាប័នមានសមត្ថកិច្ចដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មកដោះស្រាយជម្លោះបោះឆ្នោត។ យន្តការនេះត្រូវបានគណបក្សប្រជាជនធ្លាប់បានទាមទារឲ្យអនុវត្ត ប៉ុន្តែត្រូវគណបក្សសង្គ្រោះជាតិ មិនព្រមទទួលយកដោយសំអាងថា ស្ថាប័នកំពូលសម្រាប់ដោះស្រាយជម្លោះបោះឆ្នោតចែងក្នុងរដ្ឋធម្មនុញ្ញ គឺមាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនឯករាជ្យ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ហើយទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដែលមានតំណាង អង្គការក្រៅរដ្ឋាភិបាលចូលរួម៕
0 comments:
Post a Comment