ព្រហស្បតិ៍ 29 សីហា 2013
RFI
លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និង លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
© វណ្ណារ៉ា
ភាពតានតឹងនយោបាយនៅក្រោយការបោះឆ្នោតនៅតែបន្តកើតមានយ៉ាង ខ្លាំងនៅឡើយ ប៉ុន្តែ ទីបំផុតទៅ អ្នកនយោបាយនៃគណបក្សជាប់ឆ្នោតទាំងពីរទំនងជាចៀសមិនរួចពីធ្វើការ ជាមួយគ្នានោះឡើយ។ រហូតមកទល់ពេលនេះ ទម្លាប់ចង់តែប្រើប្រាស់ឥទ្ធិពលផ្តាច់មុខនៅតែមានអានុភាពនៅឡើយ ក្នុងឆាកនយោបាយកម្ពុជា។ ប៉ុន្តែ ចាប់ពីពេលនេះតទៅ ស្ថានភាពនយោបាយបានបង្ហាញថា ដល់ពេលហើយដែលអ្នកនយោបាយត្រូវរៀនធ្វើការជាមួយគ្នាដោយចុះសម្រុង ទោះជាពួកគេមាននិន្នាការខុសគ្នាក៏ដោយ។ បទពិសោធន៍ជាតិ និងអន្តរជាតិមានគ្រប់គ្រាន់សម្រាប់ជាប្រទីបបំភ្លឺផ្លូវដល់ អ្នកនយោបាយខ្មែរ។
ការបោះឆ្នោតសភាលើកនេះគឺជារបត់នយោបាយដ៏សំខាន់មួយទៀតសម្រាប់ ប្រទេសកម្ពុជា។ សំខាន់មិនមែនត្រឹមតែតុល្យភាពនៅក្នុងរដ្ឋសភាប៉ុណ្ណោះទេ តែវាក៏ជាពេលវេលាមួយដែលអ្នកនយោបាយខ្មែរត្រូវរៀនធ្វើការជាមួយ គ្នាផងដែរ។ ដើម្បីមើលឲ្យឃើញពីភាពសំខាន់នេះ គេគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា។
រហូតមកទល់នឹងឆ្នាំ ១៩៩៣ កម្ពុជាស្ថិតក្នុងបរិបទមួយដែលអ្នកឈ្នះជា«វីរជន» រីឯអ្នកចាញ់ជាជន«ក្បត់ជាតិ»។ ទស្សនៈនេះត្រូវបានគេអនុវត្តន៍នៅរៀងរាល់ពេលដែលមានការផ្តួលរំលំ របបដឹកនាំនយោបាយ។ ប៉ុន្តែ ស្ថានការណ៍បានប្រែប្រួលចាប់តាំងពីការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ ១៩៩៣ ពោលគឺគូបដិបក្ខនយោបាយអាចអង្គុយធ្វើការជាមួយគ្នាបានក្រោយការ បោះឆ្នោត។
យ៉ាងណាក៏ដោយ កាលណោះ អ្នកនយោបាយខ្មែរនៅមិនទាន់ស៊ាំនឹងទម្លាប់បែបថ្មីនេះនៅឡើយទេ អ៊ីចឹងហើយបានជាមិនយូរប៉ុន្មានជម្លោះក៏បានឆាបឆេះឡើងជាថ្មីរហូត ឈានដល់ការផ្ទុះអាវុធដាក់គ្នាកណ្តាលទីក្រុងកាលពីថ្ងៃទី ៥និង៦កក្កដាឆ្នាំ ១៩៩៧។ ជម្លោះនេះហើយដែលធ្វើឲ្យកម្លាំងទ័ពរបស់ ហ៊្វុនស៊ិនប៉ិច បាក់រាបដល់ដីគ្មានសេសសល់អ្វីទៀតឡើយ។ មិនត្រឹមតែកម្លាំងទ័ពទេ គណបក្សរាជានិយមមួយនេះក៏បានស្រុតចុះប្រជាប្រិយភាពជាបន្តបន្ទាប់ រហូតបាត់បង់ទីតាំងឈរជើងទាំងស្រុងនៅក្នុងរដ្ឋសភានៅក្នុអាណត្តិថ្មី នេះ។
បទពិសោធន៍នេះហើយដែលធ្វើឲ្យគណបក្សប្រឆាំងខ្លាចរអារហូតដល់លែងចង់ ធ្វើការជាមួយគណបក្សកាន់អំណាចពីព្រោះបារម្ភខ្លាចក្រែងមានវាសនាដូច ហ៊្វុនស៊ិនប៉ិច។ នេះគឺជាឧទាហរណ៍ជាក់ស្តែងមួយដែលបង្ហាញឲ្យឃើញពីភាពរសើបយ៉ាង ខ្លាំងរបស់អ្នកនយោបាយខ្មែរក្នុងការចុះសម្រុងគ្នា។ ភាពរសើបនេះហើយដែលនាំឲ្យអ្នកនយោបាយ និងអ្នកគាំទ្របក្សនយោបាយនៅតែចង់រក្សាភាពដាច់ណាត់មិនអាចចូល គ្នាចុះដូចទឹកនិងប្រេង។ នេះក៏ជា ឧបសគ្គដ៏ធំនៃនយោបាយផ្សះផ្សារជាតិ។
ជាការពិត ការបាត់បង់គណបក្សហ៊្វុនស៊ិនប៉ិចពីរដ្ឋសភាកម្ពុជាគឺជាបទពិសោធន៍ ដ៏ល្អមួយសម្រាប់អ្នកនយោបាយ។ ជាទូទៅ គេបានស្តីបន្ទោសគណបក្សនេះថាមកពីធ្វើរដ្ឋាភិបាលចម្រុះជាមួយ គណបក្សប្រជាជនកម្ពុជាទើបនាំឲ្យបាត់បង់អស់ប្រជាប្រិយភាព។ ហេតុដូច្នេះហើយបានជា កុំថាឡើយដល់ទៅធ្វើរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា សូម្បីតែបង្ហាញភាពស្និទ្ធស្នាលជាមួយមេដឹកនាំគណបក្សនេះក៏អ្នកនយោបាយ ប្រឆាំងខ្លាចបាត់បង់ប្រជាប្រិយភាពដែរ។ ប៉ុន្តែ បទពិសោធន៍នេះមិនគួរនឹងក្លាយជារនាំងដែកចែកខណ្ឌអ្នកនយោបាយឲ្យនៅ ទីម្ខាងម្នាក់រហូតដូច្នេះឡើយ។
អ្វីដែលគេអាចរៀនសូត្របានពីប្រវត្តិសាស្ត្រកម្ពុជានោះគឺទស្សនៈ ចូលគ្នាមិនចុះបានបង្កើតឲ្យមានវប្បធម៌សងសឹកគ្នាពីជំនាន់មួយទៅ ជំនាន់មួយមិនចេះចប់។ គំនុំសងសឹកគ្នានេះហើយដែលបណ្តាលឲ្យពួកខ្មែរក្រហមសម្លាប់ផ្តាច់ ពូជអ្នកណាដែលគេចោទថាក្បត់ ឬជាខ្មាំង ដែលទីបំផុត ជីវិតពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ត្រូវបានសម្លាប់ក្រោម ពាក្យចោទប្រកាន់ និងការសង្ស័យថាជា«ជនក្បត់»។
ប៉ុន្តែ អ្វីដែលគួររៀនសូត្រពីបណ្តាប្រទេសជឿនលឿនក្នុងលោកវិញនោះគឺ អ្នកនយោបាយទោះជាមកពីគណបក្សដែលមាននយោបាយផ្ទុយគ្នាក៏ដោយក៏គេអាច ធ្វើការជាមួយគ្នាបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការផ្ទេរអំណាចរវាងអ្នកចាញ់ និងអ្នកឈ្នះឆ្នោតក៏មានភាពរលូននិងដោយចាប់ដៃគ្នារលាក់ដែរ។ រវាងអ្នកឈ្នះ និងអ្នកចាញ់ឆ្នោត ពួកគេរស់នៅជាមួយគ្នាដោយសុខដុមរមនា និងក្នុងសេចក្តីថ្លៃថ្នូរ។
ដូច្នេះ នេះជាពេលវេលាដែលអ្នកនយោបាយខ្មែរត្រូវរៀនសូត្របទពិសោធន៍ទាំងឡាយនោះ ដើម្បីស្លឲ្យចេញជារបៀបថ្មីមួយដែលអាចធ្វើការជាមួយគ្នាដោយចុះ សម្រុងផង និងដោយមិនឲ្យខាតប្រយោជន៍គណបក្សណាមួយផង។ បើទោះបីជាគណបក្សជាប់ឆ្នោតទាំងពីរនៅតែមិនទាន់ដាច់ស្រេចអំពី លទ្ធផលនៃការបោះឆ្នោត ប៉ុន្តែ លទ្ធផលនេះបង្ហាញថា ពលរដ្ឋខ្មែរបានផ្តល់ការគាំទ្រគណបក្សពីរប៉ុណ្ណោះឲ្យដឹកនាំប្រទេស។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់ពលរដ្ឋ គណបក្សទាំងពីរនេះគួរតែរកវិធីចុះសម្រុងគ្នាជាចាំបាច់។
សូមកុំភ្លេចថា ភាពចុះសម្រុងនេះក៏ជាកត្តាសំខាន់ដែរក្នុងការឈានទៅការផ្ទេរអំណាច ដោយសន្តិវិធីរវាងគណបក្សចាញ់ឆ្នោត និងគណបក្សឈ្នះឆ្នោត។ ផ្ទុយទៅវិញ ប្រសិនបើភាពចុះសម្រុងមិនត្រូវបានរកឃើញទេ បញ្ហាពេលបោះឆ្នោតនឹងនៅតែបន្តកើតមាន ហើយវានឹងធ្វើឲ្យយន្តការប្រជាធិបតេយ្យចុះខ្សោយរហូតដល់បាត់បង់នៅ ពេលណាមួយផងក៏មិនដឹង៕
0 comments:
Post a Comment