ដោយ ហង្ស សាវយុត
2013-09-04
RFA2013-09-04
ចានដែក និងទរ ដែលគេធ្វើដើម្បីបង្ហូរទឹក និងរែងយករ៉ែមាសពីអាចម៍ដីដែលគេជីកយកចេញពីរណ្ដៅជ្រៅ នៅតំបន់ភ្នំលុង ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។
RFA/Hang Savyouth
ក្រុមសហគមន៍ការពារព្រៃឈើ និងអភិរក្សធនធានជលផល រួមទាំងអង្គការក្រៅរដ្ឋាភិបាល បានមើលឃើញថា ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ច្រើនប្រភេទ នៅខេត្តភាគឧត្តរ កំពុងបាត់បង់យ៉ាងគំហុក។
ការបាត់បង់ដោយមិនមានវិធានការទប់ស្កាត់ គឺនៅក្នុងពេលដែលគណបក្សធំៗ២ ជាអ្នកមានសំឡេងគាំទ្រច្រើនពីម្ចាស់ឆ្នោត រវល់តែជាប់តតាំងគ្នារឿងឈ្នះចាញ់ មិនពន្លឿនការបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់ៗ។
ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ខ្លះនៃខេត្តចំនួន៣ បានត្រឹមតែដឹងថា ធនធានធម្មជាតិនៅជិតតំបន់ពួកគេរស់នៅ កំពុងទទួលរងការបំផ្លាញ ក៏ប៉ុន្តែ ពួកគេមិនមានលទ្ធភាពអ្វីដើម្បីការពារឱ្យគង់វង្សទេ។
បុរសអ្នកនេសាទម្នាក់ រស់នៅឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់បានមានប្រសាសន៍ថា រយៈពេលជាង ១ខែមកនេះ សកម្មភាពនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាប នារដូវហាមឃាត់ កំពុងកើតមានយ៉ាងខ្លាំងនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងឃុំអន្លង់សំណរ ស្រុកជីក្រែង។ សកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆ្នុក ដើម្បីចាប់យកកូនត្រីតូចៗ ប្រហែលជា ១តោន ឬ ២តោនក្នុង១ថ្ងៃៗ៖ «ឆ្នុក ដាក់យកកូនត្រីរៀល កូនត្រីកំភ្លាញ កូនត្រីក្រាញ ប៉ុនៗក្រចកដៃ។ ក្នុង១យប់ ក្នុងម្នាក់ចាប់បាន ១តោន ទៅ ២តោន យកទៅលក់ធ្វើត្រីនុយ ឱ្យត្រីរ៉ស់ ត្រីឆ្ដោរស៊ី។ ចាប់តាំងពីតំបន់ម្ដុំស្រកាត្រី ឃុំកំពង់ឃ្លាំង រហូតទៅដល់មាត់ខ្លា ឃុំអន្លង់សំណរ។ អាហ្នឹងកើតមានរយៈពេលប្រហែលជា ១ខែហើយ។ ក្នុងពីរឃុំនេះ តិចបំផុតក៏មាន ៥០០ឆ្នុក»។
នៅខេត្តសៀមរាប ដែរ ក្រៅតែពីបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប គឺសកម្មភាពកាប់ឈើនៅលើខ្នងភ្នំគូលែន នៃស្រុកស្វាយលើ ដែលជាតំបន់ឧទ្យានជាតិ ក៏កំពុងកើតមានយ៉ាងខ្លាំងក្លាគួរឱ្យព្រួយបារម្ភ។
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងកិច្ចការពារ ធនធានជលផល បានមើលឃើញថា ក្នុង១រយៈពេលចាប់តាំងពីយុទ្ធនាការឃោសនា រហូតដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ បានកន្លងផុតទៅ គឺសកម្មភាពនេសាទខុសច្បាប់ក្នុងបឹងទន្លេសាប នៅតែបន្តកើតមានជាច្រើនកន្លែង និងច្រើនខេត្ត។
មន្ត្រីសម្របសម្រួលកម្មវិធីបឹងទន្លេសាប របស់សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) លោក មិញ ប៊ុនលី បានមានប្រសាសន៍ថា ការនេសាទត្រីខុសច្បាប់ដោយប្រើឧបករណ៍ឆ្នុក បរ លូ និងស្បៃមុងជាដើម កំពុងកើតមាននៅក្នុងទន្លេសាប នៃខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។ មន្ត្រីដដែលបានបញ្ជាក់ថា បទល្មើសនេសាទទាំងនោះ គឺមានចំណាត់ការតិចតួចពីអាជ្ញាធរ។
លោក មិញ ប៊ុនលី៖ «កាលពីមុនបោះឆ្នោតរយៈពេល ១ខែហ្នឹង យើងឃើញថា ដោយសារតែពាក់ព័ន្ធនឹងបញ្ហាបោះឆ្នោតហ្នឹង អាជ្ញាធរ និងជំនាញ លោកមមាញឹកនឹងការត្រៀមខ្លួនចូលរួមឃោសនាអី គាត់អត់បានយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹងទេ។ ដល់ពេលបោះឆ្នោតរួចទៅ ហើយយ៉ាងណាក៏ដោយ បទល្មើសនៅតែបន្ត ដូចជាមិនទាន់មានចំណាត់ការណាមួយ ដែលចាត់វិធានការទៅលើបទល្មើសក្នុងរដូវបិទនេសាទនៅឡើយ»។
ចំណែកនៅឯខេត្តព្រះវិហារ វិញ មានសេចក្តីរាយការណ៍ថា ការកាប់ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ ចេញពីតំបន់ជាច្រើន នៅតែបន្តយ៉ាងគគ្រឹកគគ្រេង ដោយមិនមានអាជ្ញាធរខេត្ត ឬក៏មន្ត្រីរដ្ឋបាលព្រៃឈើណាធ្វើការសកម្មដើម្បីបង្ក្រាបទេ។
បណ្ដាញសហគមន៍ការពារព្រៃឡង់នៃស្រុករវៀង លោក ស្វាយ ភឿន បានរិះគន់ថា ក្រុមហ៊ុន និងឈ្មួញមួយចំនួន នៅតែកាប់ និងដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ មិនទាន់ថយចុះទេ។ លោក ស្វាយ ភឿន បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ទាំងនោះ គឺមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន បានជាមិនចាត់វិធានការបង្ក្រាប៖ «ពីថ្ងៃទី៣០-៣១ ហ្នឹង វាមាន ៥ឡាន ដែលខ្ញុំឃើញវាចេញទៅ ខាងជ័យសែន សុទ្ធតែឡានកុងតឺន័រធំៗ ដូចជាមានក្រុមហ៊ុនរបស់ ទ្រី ភាព ហ្នឹងឯង វាអត់មានប៉ុន្មានទេ។ យើងមិនអាចទប់ស្កាត់បានទេ ដោយមន្ត្រីរាជការ ស្ថាប័នរដ្ឋបាលព្រៃឈើជំនាញពិសេសៗ រដ្ឋបាលព្រៃឈើហ្នឹង ចុះទៅប្រមូលឈើ ដើម្បីប្រើរូបភាពឈើអាជីវកម្ម។ នេះជាការមើលឃើញរបស់យើង គឺវាទៅវិធីសាស្ត្របែបហ្នឹង»។
នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដែរ ក្រៅពីសកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ ក៏កំពុងមានការជីកយករ៉ែមាសខុសច្បាប់ជាច្រើនកន្លែង។
ប្រភពពីប្រជាពលរដ្ឋនៅស្រុករវៀង បានឱ្យដឹងថា ជនជាតិវៀតណាម ខ្លះ និងក្រុមហ៊ុនចិន ខ្លះ កំពុងប្រើគ្រឿងម៉ាស៊ីនជីករូងភ្នំ ដើម្បីកើបយករ៉ែមាសជាច្រើនកន្លែងនៅតំបន់ភ្នំលុង នៃឃុំរមទម្យ។ រ៉ែមាសជាច្រើនតម្លឹង ត្រូវជនបរទេសប្រមូលយកក្នុង១ថ្ងៃៗ។ ចំណែកនៅខេត្តឧត្តរមានជ័យ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ វិញ មានប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ក្នុង១ថ្ងៃៗ ត្រូវឈ្មួញជួលឱ្យឆ្លងដែនខុសច្បាប់ ទៅកាប់ឈើគ្រញូងមកលក់ឱ្យពួកគេ។
ប្រជាពលរដ្ឋម្នាក់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា សកម្មភាពឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ កំពុងកើតមានយ៉ាងខ្លាំងនៅជិតតំបន់គាត់រស់នៅ៖ «ម្សិលមិញ ម្សិលម្ង៉ៃហ្នឹង ដឹកចុះមក ៥០-៦០ដុំនោះ តាមផ្លូវច្រកចំបក់កោង។ ដឹកទាំងឡានៗ យប់មិញដឹកសឹងទល់ភ្លឺ។ អាចាប់ក៏ចាប់ បាញ់ក៏បាញ់»។
ការឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ នេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរខ្លះស្លាប់ និងរងរបួសជាញឹកញាប់ដោយសារទាហានថៃ បាញ់។
ទោះយ៉ាងណា ប្រជាពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល នៅតែសម្ដែងកង្វល់លើបញ្ហាទាំងនេះ ដោយសារតែបច្ចុប្បន្នមានមេទាហាន និងអ្នកមានអំណាចខ្លះ កំពុងជាប់ពាក់ព័ន្ធនឹងរបរខុសច្បាប់ទាំងនោះ ជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញពិបាកបង្ក្រាប៕
0 comments:
Post a Comment