វង្ស សុខេង
P Penh Post

តំណាង គ.ជ.ប កាន់បង្ហាញតំណាងគណបក្សនយោបាយក្រុមអ្នកសង្កេតការណ៍និងអ្នក សារព័ត៌មាននូវកញ្ចប់សុវត្ថិភាព ក ដែលមិនមានបិទមាត់នៅ គ.ជ.ប កាលពីម្សិលមិញ។រូបថតហុង មិនា
បើទោះជាការពិតបង្ហាញថា « កញ្ចប់សវុត្ថិភាព ក» ដែលមានសន្លឹកឆ្នោតដើមនិងក្រដាសរាប់ពីការិយាល័យបោះឆ្នោតនានា មានបិទក្រដាសសុវត្ថិភាព ដើម្បីការពារមិនឲ្យមានការក្លែងបន្លំ ក៏គណបក្សសង្គ្រោះជាតិនិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងពីម្សិលមិញថា កញ្ចប់សវុត្ថិភាពមួយចំនួនមិនមានការបិទសម្គាល់ពីការធានា សុវត្ថិភាពឲ្យគ្រប់គ្រាន់ទេ។
គណបក្សប្រឆាំងក៏បានអះ អាងដែរថា ខណៈដែលលទ្ធផលនៃការរាប់ឡើងវិញនៃសន្លឹកឆ្នោតដែលយកមកពី ឃុំស្វាយជ្រះ ខេត្តក្រចេះ មិនមានអ្វីខុសប្លែកពីការរាប់ពីមុន ដែលចេញផ្សាយដោយ គ.ជ.ប សម្រាប់គណបក្សទាំងពីរក៏ដោយ ក៏វាមានភាពខុសគ្នាអំពីចំនួនសន្លឹកឆ្នោតមិនបានការ ដែលត្រូវបានរាប់ឡើងវិញ។
បើទោះជាគណបក្សទាំងពីរនិង គ.ជ.ប មិនបានឈានដល់ការឯកភាព រួមគ្នា ថាតើភាពខុសគ្នានោះមានន័យយ៉ាងម៉េច សេចក្តីសម្រេចនឹងត្រូវទុកឲ្យក្រុមប្រឹក្សាធម្មនុញ្ញជាអ្នក សម្រេច គណបក្សទាំងពីររួមទាំងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគ.ជ.ប បានចុះហត្ថលេខាលើឯកសារឯកភាពថា ភាពមិនប្រក្រតីបានកើតឡើងមែន។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក គួយ ប៊ុនរឿន ថ្លែងថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែដោះស្រាយរាល់បណ្តឹងទាំងអស់ ដែលដាក់ដោយគណបក្សសង្គ្រោះជាតិក្នុងលក្ខណៈតម្លាភាព ហើយវាមិនយុត្តិធម៌ទេ បើក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលបណ្តឹងរបស់យើង ដោយសំអាងថា ភាពមិនប្រក្រតីនៃការបោះឆ្នោតនឹងមិនប៉ះពាល់ដល់លទ្ធផល [សម្រាប់គណបក្សសង្គ្រោះជាតិ]»។ លោកកត់សម្គាល់ថា ការពិនិត្យនៃឯកសារដើមគឺជាជំហានវិជ្ជមានមួយ។ «ប្រសិនបើពួកគេ [គ.ជ.ប] បានប្រព្រឹត្តការក្លែងបន្លំជាមួយសន្លឹកឆ្នោតមិនបានការ នោះវានឹងប៉ះពាល់ដល់សន្លឹកឆ្នោតមិនបានការរបស់គណបក្សសង្គ្រោះ ជាតិ»។
លោក គួយ ប៊ុនរឿន បន្តថ្លែងថា តាមការរាប់របស់គណបក្សសង្គ្រោះជាតិ គឺមានសន្លឹកឆ្នោតមិនបានការប្រហែលចំនួន១០០ បាត់ពីកញ្ចប់ដែលបានបើក។ លោកបន្តថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែស្វែងរកមូលហេតុថា ហេតុអ្វីចំនួនសន្លឹកឆ្នោតបានបាត់ និងថាតើសន្លឹកឆ្នោតនោះទៅណា»។
លោកបន្ថែមថា សូម្បីតែមួយភាគរយនៃសន្លឹកនោះ ក៏វាមិនត្រឹមត្រូវដែរ វាអាចប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសនៅមណ្ឌលដែលប្រកួតប្រជែងគ្នាខ្លាំង។
ខេត្តកណ្តាល អាចជាឧទាហរណ៍ច្បាស់បំផុតនៃករណីបែបនោះ ដែលគណបក្សសង្គ្រោះជាតិអះអាងថា វាខ្វះតែ១៧០សំឡេងនឹងទទួលបានអាសនៈមួយបន្ថែមទៀត ហើយដែលការអះអាងនេះត្រូវបានគាំទ្រដោយការវិភាគរបស់អ្នក ស្រាវជ្រាវឯករាជ្យម្នាក់ដែលវិភាគទៅលើសំឡេងឆ្នោត។
លោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យនិងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលសង្កេតនៅទីស្នាក់ការគ.ជ.ប ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងដោះស្រាយបណ្តឹងនៅសល់ក្នុងលក្ខណៈ តម្លាភាព។
លោកថ្លែងបន្តថា៖ «យើងនឹងពិចារណា[បញ្ហានេះ] ហើយនឹងប្រឹងប្រែងដោះស្រាយបញ្ហាឲ្យមុនថ្ងៃការប្រកាសលទ្ធផល បោះឆ្នោតផ្លូវការរបស់ គ.ជ.ប។ វាមិនមែនគណបក្សនយោបាយណាមួយនឹងបានប្រយោជន៍ឬខាតទេ ប៉ុន្តែរឿងដែលសំខាន់គឺត្រូវបង្ហាញអំពីតម្លាភាព និងធ្វើឲ្យវាស្អាតស្អំ»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ ជាអ្នកសង្កេតការណ៍លើដំណើរការនេះ បានថ្លែងថា បញ្ហាលើការរាប់សន្លឹកឆ្នោត រួមមានកញ្ចប់ភាគច្រើន ក្នុងចំណោមកញ្ចប់ទាំង១៣ មិនមានបិទក្រដាសសុវត្ថិភាពត្រឹមត្រូវ ធ្វើឲ្យលទ្ធផលមិនច្បាស់លាស់។
«ពួកគេបានកត់សម្គាល់ថា កញ្ចប់ចំនួន១០មិនមានសុវត្ថិភាព។ ខ្លះគ្មានសុវត្ថិភាពទាល់តែសោះ...»។ លោកថ្លែងបន្តថា៖ «ការដែលកញ្ចប់នោះមិនបានបិទក្រដាសសុវត្ថិភាពត្រឹមត្រូវ ធ្វើឲ្យមានការចោទសួរនិងការចោទប្រកាន់ផ្សេងៗជាជាងចង់បាន ចម្លើយ»។
ទោះយ៉ាងណាក្តី លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានបញ្ចៀសមិនឲ្យមានក្តីបារម្ភ ដោយថ្លែងថា វាបណ្តាលមកពី«បញ្ហាបច្ចេកទេស» ដែលកើតមកពីបុគ្គលិកតាមតំបន់ដែលបានបណ្តុះបណ្តាលពេលខ្លី។
លោក ទេព នីថា ថ្លែងបន្តថា៖ «ខ្ញុំបានរកឃើញថា កំហុសនោះបានកើតឡើងពីបញ្ហាបច្ចេកទេស ហើយមិនបានប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតសម្រាប់គណបក្សនយោបាយ ណាមួយទេ»៕ PS

0 comments:
Post a Comment