RFI

លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីរម្លឹកខួបគណបក្ស
Siv Channa/RFI
នៅក្នុងលិខិតឆ្លើយតបទៅលោក សម រង្ស៊ី ដែលស្នើសុំបើកកិច្ចចរចាជាថ្មីដើម្បីដោះស្រាយបញ្ហាបោះឆ្នោត លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានស្តីបន្ទោសគណបក្សសង្គ្រោះជាតិថា បានធ្វើឲ្យកិច្ចចរចារកដំណោះស្រាយជួបនឹងបរាជ័យ។ យ៉ាងណាក៏ដោយគណបក្សកាន់អំណាចអះអាងថាខ្លួននៅតែមានសុឆន្ទៈក្នុងការចរចាតែត្រូវឈរលើលទ្ធផលនៃការបោះឆ្នោត។
គណបក្សជាប់ឆ្នោតទាំងពីរនៅតែបន្តបាចទឹកដាក់គ្នាដដែលចំពោះ បរាជ័យនៃកិច្ចចរចារកដំណោះស្រាយបញ្ហាបោះឆ្នោត។ ក្រោយពីទទួលលិខិតស្នើសុំចរចាជាថ្មីរបស់មេដឹកនាំបក្សប្រឆាំង លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានឆ្លើយតបវិញដោយស្តីបន្ទោសគណបក្ស សង្គ្រោះជាតិថាជាអ្នកធ្វើឲ្យកិច្ចចរចាជួបនឹងបរាជ័យ។
ក្នុងលិខិតចុះថ្ងៃទី ២៩ សីហានេះ លោក ជា ស៊ីម បានរម្លឹកឡើងវិញអំពីកិច្ចចរចាគ្នារវាងគណបក្សទាំងពីរដែលបាន ចាប់ផ្តើមតាំងពីថ្ងៃទី៣សីហាដោយបានឯកភាពគ្នាបង្កើតគណៈកម្មការ ចម្រុះមួយដោយមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាអ្នកសម្របសម្រួល។ ប៉ុន្តែ ក្រោយមក គណបក្សសង្គ្រោះជាតិបានប្រែក្រឡះវិញ។ លោក ជា ស៊ីម បន្តថា ចាប់តាំងពីពេលនោះមក គម្រោងកិច្ចចរចានានាបានជួបនឹងបរាជ័យដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានចាត់តំណាងមកចូលរួមតាមសំណើរបស់ គ.ជ.ប។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិដែលបដិសេធមិនទទួលស្គាល់តួនាទីរបស់ គ.ជ.ប តែងបានស្តីបន្ទោសគណបក្សប្រជាជនកម្ពុជាថា ជាអ្នកបង្កឧបសគ្គដល់កិច្ចចរចាដោយលើកយកបញ្ហាគ.ជ.ប មកនិយាយដដែល។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៨ សីហា លោក សម រង្ស៊ី បានផ្ញើលិខិតមួយច្បាប់ទៅជូនលោក ជា ស៊ីម ដើម្បីសុំបើកកិច្ចចរចាថ្នាក់កំពូលរវាងគណបក្សទាំងពីរ។ ទន្ទឹមនឹងនោះ គណបក្សប្រឆាំងក៏បានប្រកាសពីគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផល បោះឆ្នោតដែរនៅថ្ងៃទី៧កញ្ញា។
ការប្រកាសគម្រោងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅមុនពេលដែល គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់ទុកថា ជាការប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបង្ហាញ តាមរយៈការបោះឆ្នោត។ បាតុកម្មនេះក៏ត្រូវបានគណបក្សកាន់អំណាចអះអាងថានឹងធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២៩ សីហានេះ គណបក្សប្រជាជនកម្ពុជាបានអំពាវនាវឲ្យគណបក្សសង្គ្រោះជាតិតម្កល់ ប្រយោជន៍ជាតិនិងប្រជាជនជាធំហើយចៀសវាងការប្រើប្រាស់មធ្យោបាយផ្ទុយពី ប្រជាធិបតេយ្យ។ គណបក្សនេះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ផងដែរ។ គណបក្សប្រជាជនកម្ពុជានៅតែបញ្ជាក់ថា ខ្លួនមានសុឆន្ទៈក្នុងកិច្ចចរចាជានិច្ច ប៉ុន្តែត្រូវឈរលើលទ្ធផលនៃការបោះឆ្នោត៕
0 comments:
Post a Comment