RFI

លោក សម រង្ស៊ី ប្រមុខគណបក្សសង្គ្រោះជាតិ ថ្លែងសុន្ទរកថា ទៅកាន់អ្នកគាំទ្ររបស់លោក នៅទីលានប្រជាធិបតេយ្យ
@Siv Channaក្រសួងមហាផ្ទៃបានចងក្រងឯកសារវីដេអូដែលទាក់ ទងនឹងការជួបជុំរបស់មេគណបក្សសង្គ្រោះជាតិជាមួយសកម្មជន របស់ខ្លួនក្នុងពេលកន្លងមក ហើយបានផ្ញើរទៅស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាល សរុបជាង ៥០ស្ថាប័នកាលពីពេល ថ្មីៗនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាចង់បង្ហាញថា ខ្លឹមសារខ្លះនៃការជួបជុំរបស់មេគណបក្សប្រឆាំង គឺការអំពាវនាវធ្វើបាតុកម្ម និងផ្លាស់ប្តូរមេដឹកនាំនោះ ទៅបណ្តាប្រទេសមិត្តអោយបានឃើញច្បាស់។ លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងធ្វើតែសកម្មភាពអហិង្សា។
យ៉ាងហោចណាស់ស្ថានទូតចំនួន៤០ និង អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក និងអន្តរជាតិចំនួន១២ បានទទួលឯកសារវីដេអូស្តីអំពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ មេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្នុងការជួបប្រជុំជាមួយសកម្មជនរបស់ ខ្លួនកន្លងមកនោះ ពីក្រសួងមហាផ្ទៃ។ ឯកសារវីដេអូដែលត្រូវបានបញ្ជូនកាលពីចុងសប្តាហ៍មុនពីក្រសួង មហាផ្ទៃបានបង្ហាញខ្លឹមនៃការប្រកាសអំពាវនាវរបស់មេដឹកនាំគណបក្ស
សង្គ្រោះជាតិអោយប្រជាជនចូលរួមធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ហើយក៏មានការប្រើប្រាស់ពាក្យពេចន៍ដែលទាក់ទងនឹងការបះបោរផ្តួលរំលំ មេដឹកនាំផងដែរ។
លោកឧត្តមសេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានពន្យល់ប្រាប់វិទ្យុបារាំងនៅថ្ងៃនេះថា គោលបំណងនៃការចងក្រងឯកសារទាំងនេះ ហើយផ្ញើទៅ
បណ្តាលស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ គឺទី១ រដ្ឋាភិបាលកម្ពុជាគ្រាន់តែចង់ប្រាប់ស្ថានទូត និងអង្គការសំខាន់ៗទាំងនោះថា មេបក្សប្រឆាំងពិតជាបាននិយាយបំផុសអោយមានការផ្តួលរំលំរបបដឹកនាំ បច្ចុប្បន្ន និងទី២ គឺដើម្បីអោយមេបក្សប្រឆាំងបញ្ឈប់ការស្រែកអំពាវនាវបែបនេះ តទៅមុខទៀត។
ប្រតិកម្មទៅនឹងសកម្មភាពរបស់ក្រសួងមហាផ្ទៃ លោកសម រង្ស៊ី ប្រធានគណបក្ស
សង្គ្រោះជាតិយល់ថា នេះគឺជាការព្យាយាមរបស់គណបក្សកាន់អំណាចដើម្បីដាក់
សំពាធមកលើរូបលោក។ ប៉ុន្តែ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក សម រង្ស៊ីបញ្ជាក់ថា គណបក្សរបស់លោកនឹងធ្វើអ្វីៗតាមផ្លូវសន្តិវិធី។ មេគណបក្សប្រឆាំងរូបនេះ បានរម្លឹកអំពីសកម្មភាពទាមទារឯករាជ្យភាពប្រទេសឥណ្ឌា របស់លោក ម៉ាហាត់ត្មា ហ្កាន់ធី ពីប្រទេសអង់គ្លេស តាមរយៈសកម្មភាពអហិង្សា ដូចជាការមិនទៅបំពេញការងារបម្រើរាជការ ការសម្តែងមតិមិនពេញចិត្តនានា ការមិនចូលរួបង់ពន្ធជាដើម។ ទាំងអស់នេះដែលលោកសម រង្ស៊ីបញ្ជាក់ថា វាគឺជាការតវ៉ាដែលតាមរយៈការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋ ដែលមិនមែនជាការប្រើហិង្សា។
ទោះយ៉ាងក៏ដោយ ប្រធានគណបក្សប្រឆាំងបញ្ជាក់ថា វាក៏នៅ មិនទាន់ដល់ពេលដែលធ្វើសេចក្តីសម្រេចចិត្តណាមួយថាត្រូវសកម្មភាព ទាំងនោះនៅឡើយ។
គួររម្លឹកថា មេដឹកនាំគណបក្សប្រឆាំងបានធ្វើដំណើរជួបជុំអ្នកគាំទ្រនៅតាមបណ្តា ខេត្ត និងនៅក្នុងរាជធានីភ្នំពេញជាលើកទី២នៅក្រោយថ្ងៃបោះឆ្នោត ក្នុងខណៈពេលដែលក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយបណ្តឹងរបស់ គណបក្សសង្គ្រោះជាតិដែលប្តឹងអំពីភាពមិនប្រក្រតីជាច្រើន ហើយដែលគណបក្សប្រឆាំងបានប្រកាសថា ខ្លួនជាអ្នកឈ្នះឆ្នោតនោះ៕
0 comments:
Post a Comment