ដោយ សុ ជីវី
2013-08-24
RFA2013-08-24
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្រ្វែល (Comfrel) បង្ហាញរបាយការណ៍សង្កេតការណ៍ទី២ ដែលជាការសន្និដ្ឋានពីស្ថានភាពក្នុងដំណើរការបោះឆ្នោតនីតិកាលទី៥ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣។
RFA/Sochivy
ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងតំណាងគណបក្សនយោបាយមួយចំនួន ចង់អោយមានដំណោះស្រាយភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតឲ្យ បានត្រឹមត្រូវ ច្បាស់លាស់ ដ្បិតពួកគេនៅតែអះអាងថា ភាពមិនប្រក្រតីបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលឆ្នោត។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាសន្និដ្ឋានពីដំណើរក្នុងការបោះ ឆ្នោត គឺស្របពេលដែលអង្គការ ខុមហ្រ្វែល បានបង្ហាញរបាយការណ៍ថ្មីមួយលម្អិតពីភាពមិនប្រក្រតី ដែលខ្លួនបានរកឃើញ។ ក្នុងនោះ ខុមហ្រ្វែល ក៏បានរកឃើញមណ្ឌលបោះឆ្នោតចំនួន៥ ដែលភាពមិនប្រក្រតីបានធ្វើអោយមានផលប៉ះពាល់ខ្លាំងទៅលើលទ្ធផល ឆ្នោត គឺមណ្ឌលភ្នំពេញ កណ្ដាល ក្រចេះ សៀមរាប និងបាត់ដំបង។
នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការផ្ទៀងផ្ទាត់លទ្ធផល ឬអាចឈានដល់ការបោះឆ្នោតឡើងវិញ នៅតាមការិយាល័យមួយចំនួន គឺជាវិធានការដែលអាចដោះស្រាយ ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកបោះឆ្នោត។
ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា មានប្រសាសន៍ថា លោកចង់អោយមានការផ្ទៀងផ្ទាត់បញ្ជាក់នៅតាមការិយាល័យមួយចំនួននៅ ក្នុងមណ្ឌលសៀមរាប ដែលសង្ស័យពីការបន្លំឈ្មោះទៅបោះឆ្នោត។
ចំណែកតំណាងគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ នៅតែចាត់ទុកថា ការបោះឆ្នោតនៅមិនទាន់សេរី និងយុត្តិធម៌ ដែលទាមទារអោយមានដំណោះស្រាយ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការអធិប្បាយពីអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាននៅឡើយទេ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែសីហា។
ក្នុងរបាយការណ៍របស់ គ.ជ.ប ស្ដីពីការដោះស្រាយបណ្ដឹងពីភាពមិនប្រក្រតី បានទទួលស្គាល់ថា មានភាពមិនប្រក្រតីពិតមែន ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។ គ.ជ.ប ចាត់ទុកភាពមិនប្រក្រតីទាំងនោះថា ជាមេរៀនបទពិសោធន៍សម្រាប់កែលំអការបោះឆ្នោតនៅពេលក្រោយទៀត។
ទាក់ទងដល់ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអោយ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” នៅការិយាល័យបោះឆ្នោតចំនួន១៣ នៅក្នុងមណ្ឌលក្រចេះ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា៕
0 comments:
Post a Comment