
ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដា
RFI-ចាន់ណា
ភ្លាមៗក្រោយពីការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ពីសំណាក់ គ.ជ.ប អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានផ្តើមធ្វើសកម្មភាពដើម្បីគាំទ្រ លទ្ធផលនៃការបោះឆ្នោតនេះ។ សកម្មភាពគាំទ្រលទ្ធផលបោះឆ្នោតបានកើតឡើងខណៈដែលក្រុមគាំទ្រ បក្សប្រឆាំងគំរាមធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត។
គ្រាន់តែលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតត្រូវបាន គ.ជ.ប ប្រកាសភ្លាម ញត្តិគាំទ្រលទ្ធផលបោះឆ្នោតជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ គណបក្សប្រជាជនកម្ពុជា។ ញត្តិទាំងនោះមកពីប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់នានានៅ ទូទាំងប្រទេស។
អ្នកគាំទ្រទាំងនោះសុទ្ធតែបានអះអាងថា ការបោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ដូច្នេះ ពួកគេគាំទ្រលទ្ធផលនៃការបោះឆ្នោតនោះ និងប្រឆាំងដាច់ខាតសកម្មភាពណាដែលជំទាស់នឹងលទ្ធផលបោះឆ្នោតមានដូចជា បាតុកម្មជាដើម។
នៅលើគេហទំព័ររបស់ក្រសួងការបរទេសវិញ ញត្តិជាច្រើនមកពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅឯបរទេសដូចជានៅ បារាំង និងសហរដ្ឋអាមេរិកជាដើមក៏ត្រូវបានផ្សព្វផ្សាយផងដែរ។ ខ្លឹមសារនៃញត្តិទាំងអស់នោះ ក្រៅពីការទទួលស្គាល់និងគាំទ្រលទ្ធផលបោះឆ្នោត ពួកគេក៏បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ និងចៀសវាងការធ្វើបាតុកម្មដែលនាំដល់ភាពវឹកវរនៅក្នុងប្រទេស។
គួរកត់សម្គាល់ថា យុទ្ធនាការគាំទ្រលទ្ធផលបោះឆ្នោតពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជន កម្ពុជាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតកាលពីថ្ងៃចន្ទទី ១២ សីហា។ លទ្ធផលបណ្តោះអាសន្ននេះមិនខុសពីលទ្ធផលដែលប្រកាសឡើងដោយគណបក្ស ប្រជាជនកម្ពុជាភ្លាមៗក្រោយការបោះឆ្នោតនោះឡើយពោលគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨ កៅអី ទល់ និង ៥៥កៅអីរបស់គណបក្សសង្គ្រោះជាតិ។
ការប្រកាសលទ្ធផលបណ្តោះអាសន្នខណៈដែលវិវាទរវាងគណបក្សជាប់ឆ្នោត ទាំងពីរមិនទាន់ដោះស្រាយនៅឡើយនោះ បានទទួលការរិះគន់ពីបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលយ៉ាងខ្លាំង។ សង្គមស៊ីវិលបានហៅការប្រកាសនេះថាជាការដុតកម្តៅកំហឹងក្រុម អ្នកគាំទ្របក្សប្រឆាំងដែលមិនអស់ចិត្ត។ ចំណែកឯគណបក្សសង្គ្រោះជាតិវិញបានបដិសេធ ភ្លាមៗ លទ្ធផល ដែលប្រកាសដោយ គ.ជ.ប។
គណបក្សនេះបានប្រកាសជាបន្តបន្ទាប់ហើយថា មហាបាតុកម្មអាចនឹងកើតឡើងប្រសិនបើការទាមទាររបស់ពួកគេគ្មាន ដំណោះស្រាយសមស្របទេនោះ។ ទំនងជាស្ថានភាពនេះហើយដែលគណបក្សកាន់អំណាចត្រូវទប់ទល់វិញតាមរយៈ ការបង្ហាញសំឡេងអ្នកគាំទ្ររបស់ខ្លួន។ ទន្ទឹមនឹងនោះដែរ កម្លាំងប្រដាប់អាវុធដែលមានទាំងរថពាសដែកជាច្រើនផងក៏បានត្រៀមជាស្រេច ដើម្បីទប់ទល់នឹងបាតុកម្មរបស់បក្សប្រឆាំង៕
0 comments:
Post a Comment