RFI

លោក នាយករដ្ឋមន្ដ្រីហ៊ុន សែន និងលោកសម រង្ស៊ី នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីជូនដំណើរព្រះបរមតរនកោដយាងទៅបេកាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៧
REUTERS/Khem Sovannara
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនៅល្ងាចថ្ងៃ ព្រហស្បតិ៍ម្សិលមិញបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហាភាព មិនប្រក្រតីនៃការបោះឆ្នោត។ ការជំរុញបែបនេះបានធ្វើឡើងខណៈដែលលោក សម រង្ស៊ី បានត្រឡប់មកដល់ប្រទេសវិញនៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Jennifer Psaki បានថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សហរដ្ឋអាមេរិកជំរុញឲ្យមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីររបស់កម្ពុជា វិលទៅរកតុចរចាឡើងវិញនិងបង្ហាញពីកិច្ចសហការគ្នាដើម្បីឲ្យចេញ ជាលទ្ធផលមួយសម្រាប់បម្រើផលប្រយោជន៍ប្រជាជនកម្ពុជាឲ្យបានល្អជាង នេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបន្តថា ការបោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា មានភាពមិនប្រក្រតីធ្ងន់ធ្ងរជាច្រើនដែលទាមទារឲ្យមានការស៊ើប អង្កេតមួយច្បាស់លាស់ និងប្រកបដោយតម្លាភាព។
ការជំរុញឲ្យមានកិច្ចចរចារកដំណោះស្រាយរវាងគណបក្សទាំងពីរបានធ្វើឡើង ខណៈដែលលោក សម រង្ស៊ី បានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញនៅថ្ងៃសុក្រនេះ និងខណៈដែលគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងជាច្រើនទៅ គ.ជ.ប។ មេដឹកនាំបក្សប្រឆាំងបានប្រកាសតាមហ្វេសប៊ុកមុនពេលមកដល់កម្ពុជា ថា លោកនឹងចូលរួមរកដំណោះស្រាយបញ្ហាបោះឆ្នោតនេះដោយសន្តិវិធី។ នៅឯទីក្រុងភ្នំពេញ ក្រុមចរចាគណបក្សសង្គ្រោះជាតិបានស្នើសុំជួបជាថ្មីទៀតជាមួយក្រុម ចរចាគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ភាគីទាំងពីរនៅតែខ្វែងគ្នាអំពីតួនាទីរបស់ គ.ជ.ប ដែលធ្វើឲ្យការចរចាមិនអាចទៅមុខរួច។
យ៉ាងណាក៏ដោយ ទាំងប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាសហគមន៍អន្តរជាតិដែរកំពុងដាក់សម្ពាធទៅលើគណបក្សទាំងពីរ នេះឲ្យជួបចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី។ កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី Catherine Ashton ប្រមុខការទូតសហភាពអឺរ៉ុប ក៏បានជំរុញឲ្យមានដំណោះស្រាយស្តីពីភាពមិនប្រក្រតីក្នុង ការបោះឆ្នោតនេះដែរ។ សម្ពាធទាំងនេះបានធ្វើឡើងបន្ទាប់ពីស្ថានការណ៍នយោបាយក្រោយ ការបោះឆ្នោតកាន់តែតឹងតែង និងអាចឈានទៅរកមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត៕
0 comments:
Post a Comment