អង្គារ 13 សីហា 2013
RFI

លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនៅចំពោះមុខក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករ
Siv Channa/RFI
ទោះបីជាលទ្ធផលនៃការបោះឆ្នោតនៅជាបញ្ហាចម្រូងចម្រាស់រវាង គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ប៉ុន្តែ គេអាចនិយាយបានថា ការគាំទ្រគណបក្សប្រឆាំងក្នុងការបោះឆ្នោតលើកនេះមានសន្ទុះយ៉ាង ខ្លាំងគួរឲ្យកត់សម្គាល់។ ក្រៅពីដណ្តើមកៅអីពីគណបក្សផ្សេងអស់ហើយនោះ គណបក្សសង្គ្រោះជាតិក៏បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបូតកៅអី យ៉ាងសន្ធឹកសន្ធាប់ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្លួនផងដែរ។ ប៉ុន្តែ គណបក្សនេះត្រូវគេមើលឃើញថា នៅមានបញ្ហាប្រឈមជាច្រើនក្នុងដំណើរឆ្ពោះទៅកាន់អំណាចដឹកនាំប្រទេស ក្នុងបរិបទដែលរដ្ឋបាលសាធារណៈខ្វះអព្យាក្រឹតភាព។
សន្ទុះគាំទ្រយ៉ាងខ្លាំងក្លាគួរឲ្យភ្ញាក់ផ្អើលរបស់ គណបក្សសង្គ្រោះជាតិដែលធ្វើឲ្យគណបក្សនេះលេចមុខមាត់យ៉ាងខ្ពស់ ត្រដែតនៅក្នុងឆាកនយោបាយនៅពេលនេះគឺជារឿងដែលមិនអាច ប្រកែកបាន។ មានហេតុផលច្រើនយ៉ាងដែលគេអាចលើកយកមកពន្យល់បានអំពីសន្ទុះ ដ៏ខ្លាំងរបស់គណបក្សសង្គ្រោះជាតិ ក្នុងនោះហេតុផលសំខាន់ៗមានដូចជា៖ហេតុផលទី១៖ នេះគឺជាលទ្ធផលនៃការបង្រួប បង្រួមរបស់គណបក្សប្រឆាំងដែលទើបតែសម្រេចបានបន្ទាប់ពីពួកគេចែក ផ្លូវគ្នាដើរដែលធ្វើឲ្យបែកខ្ញែកសំឡេងគាំទ្រអស់ពេលយ៉ាងយូរ មក។
ហេតុផលទី២ គឺមកពីគោលនយោបាយបែបកំណែទម្រង់ដែលចុចចំ ចំណុចរសើបរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការទូទៅ។ ជាធម្មតាទេ នៅពេលដែលអាជ្ញាធររបស់គណបក្សកាន់អំណាចដែលស្ថិតក្នុងតំណែង យ៉ាងយូរ ហើយបម្រើប្រជាពលរដ្ឋមិនបានល្អទៀតនោះ ពួកគេច្បាស់ជាចង់សាកល្បងការផ្លាស់ប្តូរជាមិនខាន នេះជាធម្មជាតិរបស់មនុស្ស។ ជាពិសេសអ្នកក្រីក្រដែលគ្មានអ្វីគួរឲ្យទីពឹងនោះ ពួកគេច្បាស់ជាត្រូវប្រថុយយកជម្រើសផ្លាស់ប្តូរដោយចៀសមិនផុត។
ក្រៅពីនេះ គណបក្សសង្គ្រោះជាតិក៏នៅមានសំណាងមួយទៀតដែលគេមិនគួរមើលរំលង។ នោះគឺសំណាងដែលកើតចេញពី«អ្នកបោះឆ្នោតព្រមាន»គណបក្សកាន់អំណាច។ គេអាចបែងចែកអ្នកបោះឆ្នោតប្រភេទនេះជាពីរក្រុម៖ ទី១ គឺអ្នកបោះឆ្នោតដែលឈប់បោះឲ្យគណបក្សប្រជាជនតទៅទៀតដោយសារតែពួកគេ មិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរនិងមន្ត្រីរដ្ឋាភិបាល បក្សកាន់អំណាច។ ប៉ុន្តែ ពួកគេក៏មិនទាន់ទម្លាក់សន្លឹកឆ្នោតឲ្យទៅបក្សប្រឆាំងនៅឡើយទេ។ គោលបំណងរបស់ក្រុមនេះគឺគ្រាន់តែចង់ធ្វើឲ្យបក្សកាន់អំណាចថយ ឥទ្ធិពលនៅចំពោះមុខបក្សប្រឆាំងដើម្បីដាក់សម្ពាធទៅលើគណបក្សនេះ ឲ្យកែទម្រង់ការដឹកនាំរបស់ខ្លួន។
ចំណែកក្រុមទី២វិញ ពួកគេបានសម្រេចចិត្តទម្លាក់សន្លឹកឆ្នោតឲ្យបក្សប្រឆាំងតែម្តងទោះ ជា មិនមែនជាជម្រើសពិតប្រាកដរបស់ខ្លួនក៏ដោយ។ គោលបំណង គឺចង់សាកល្បងឲ្យមានការផ្លាស់ប្តូរខ្លះពីស្ថានភាពដដែលៗជាង ៣០ ឆ្នាំដែលគេធ្លាប់ឆ្លងកាត់។ ដូច្នេះ អ្នកបោះឆ្នោត«ព្រមាន»ទាំងពីរក្រុមនោះ សុទ្ធតែបានផ្តល់ប្រយោជន៍ដល់បក្សប្រឆាំងទាំងអស់ រហូតដល់ធ្វើឲ្យសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិមានសន្ទុះគួរឲ្យ ភ្ញាក់ផ្អើលបែបនេះ។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងត្រូវគេមើលឃើញថា នៅមានចំណុចប្រឈមជាច្រើនចំពោះមុខដែលត្រូវដោះស្រាយដើម្បីត្រៀម ខ្លួនទៅដឹកនាំប្រទេស។ ចំណុចប្រឈមសំខាន់បំផុតគឺ សមត្ថភាពក្នុងការគ្រប់គ្រងប្រទេសក្នុងបរិបទដែលរដ្ឋបាលសាធារណៈ ស្ថិតក្រោមឥទ្ធិពលទាំងស្រុងរបស់បក្សកាន់អំណាច។
ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗក្នុងលោក រដ្ឋបាលសាធារណៈរាប់ទាំងប៉ូលិស ទាហានផងស្ថិតនៅជាអព្យាក្រឹត្យ ដែលធានានូវការផ្ទេរអំណាចដោយរលូន ហើយមានតែមេដឹកនាំនយោបាយធំៗតែប៉ុណ្ណោះដែលត្រូវប្តូរ។ ប៉ុន្តែ នៅកម្ពុជា មន្ត្រីរដ្ឋបាលសាធារណៈ និងមន្ត្រីក្នុងជួរកម្លាំងប្រដាប់អាវុធគឺជារបស់បក្សកាន់ អំណាច។ នេះជាលក្ខណៈពិសេសរបស់កម្ពុជាដែលទាមទារឲ្យបក្សប្រឆាំងត្រៀម ខ្លួនឲ្យបានល្អបំផុតមុននឹងឈានទៅកាន់អំណាច។
ការត្រៀមខ្លួនឈ្នះឆ្នោតជារឿងម្យ៉ាង តែត្រៀមខ្លួនគ្រប់គ្រងរដ្ឋបាលសាធារណៈនិង ជាពិសេសគ្រប់គ្រងកម្លាំងប្រដាប់អាវុធ គឺជាកិច្ចការដ៏ធំធេងមួយទៀតសម្រាប់គណបក្សប្រឆាំង។ ក្នុងក្រសែភ្នែកក្រុមអ្នកវិភាគ ដើម្បីធានាស្ថិរភាពសង្គមក្រោយពេលបោះឆ្នោត ក៏ដូចជាស្ថិរភាពក្នុងការផ្លាស់ប្តូរគណបក្សដឹកនាំប្រទេសដោយ សន្តិវិធី ការធ្វើឲ្យរដ្ឋបាលសាធារណៈ និងកម្លាំងប្រដាប់អាវុធក្លាយជាស្ថាប័នអព្យាក្រឹតគឺជាគន្លឹះ មិនអាចខ្វះបាន។
ក្នុងស្ថានភាពដូចបច្ចុប្បន្ន សន្ទុះនៃការគាំទ្រពីអ្នកបោះឆ្នោតតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ ទេ តែបក្សប្រឆាំងក៏ត្រូវធ្វើឲ្យមានសន្ទុះផ្នែកធនធានមនុស្ស ជាពិសេសការកសាងរចនាសម្ពន្ធ័ដឹកនាំប្រទេសគ្រប់លំដាប់ថ្នាក់ ផងដែរ។ ពិតហើយថា គេអាចរំពឹងលើការផ្លាស់ប្តូរចិត្តរបស់មន្ត្រីមួយចំនួន ដែលអាចនឹងងាករេទៅតាមកម្លាំងនយោបាយក៏ថាបាន។ ប៉ុន្តែ ទោះជាយ៉ាងណា វាមិនមែនងាយស្រួលដូចប្រទេសដែលមានរដ្ឋបាលអព្យាក្រឹតនោះដែរ។
គ្រាន់តែបញ្ហាអព្យាក្រឹតភាពរបស់ស្ថាប័នរៀបចំបោះឆ្នោតមួយបានក្លាយជាចំណោទ ស្មុគស្មាញយ៉ាងខ្លាំងរួចទៅហើយ។ ចុះទម្រាំនិយាយដល់អព្យាក្រឹតភាពរដ្ឋបាលសាធារណៈ និងកន្លាំងប្រដាប់អាវុធទៀតនោះ? ដូច្នេះ ពិតជានៅមានកិច្ចការច្រើនយ៉ាងណាស់ដែលបក្សប្រឆាំងត្រូវ ប្រឈមដោះស្រាយក្នុងដំណើរឆ្ពោះទៅការដឹកនាំប្រទេស៕
0 comments:
Post a Comment