អាទិត្យ 11 សីហា 2013
RFI

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ កាលពីចុងខែកក្កដា។
RFI/ Siv Chana
តាមរយៈការបោះឆ្នោតនីតិកាលទី៥នេះ គេឃើញប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា និងការកើនឡើងនៃអាសនៈរដ្ឋសភារបស់គណបក្សប្រឆាំងនេះហើយ ដែលតម្រូវ អោយ គណបក្សប្រជាជនកម្ពុជាត្រូវជម្រះ សំអាតចំនុចអសកម្ម និងអវិជ្ជមានទាំងឡាយ ព្រមទាំងអយុត្តិធម៌សង្គម ដើម្បីបង្កើនការគាំទ្រឡើងវិញ។ ការធ្លាក់ចុះការគាំទ្ររបស់គណ បក្សប្រជាជនកម្ពុជានៅពេលនេះ ក៏ជាព្រនង់ព្រមាន បុគ្គលអ្នកមានអំណាច និងទ្រព្យសម្បត្តិ ដែលធ្លាប់តែមើលស្រាលការអនុវត្តច្បាប់ផងដែរ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងតែតតាំងគ្នាអំពីលទ្ធផលបឋមនៃការ បោះឆ្នោត។ គណបក្សទាំងពីរកំពុងតែជជែកដណ្តើមគ្នាឈ្នះនៅក្នុងការបោះឆ្នោត នីតិកាលទី៥នេះ។ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំមក ហើយ រាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមនោះ នៅតែអះអាងថា ខ្លួនគឺជាអ្នកឈ្នះជាមួយ សំឡេង គាំទ្រដាច់ខាតនៅក្នុងរដ្ឋសភានីតិកាលទី៥នេះទៀត។ គណបក្សណាឈ្នះ ឆ្នោតជាផ្លូវការ ហើយនឹងដឹកនាំរដ្ឋាភិបាលគេនៅមិនអាចនិយាយច្បាស់នៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់ហើយនោះ គឺការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាដ៏ ចំណាស់ជាងគេមួយនេះ។ ប្រសិនបើគណបក្សនេះពិតជាគណបក្សឈ្នះក្នុងការបោះឆ្នោតជា ផ្លូវការមែននោះ វាក៏ជាជ័យជំនៈនៅក្នុងបរាជ័យដ៏ធ្ងន់ធ្ងរមួយដែរ។ ពីព្រោះ បើមើលលទ្ធ ផលឆ្នោតដែលគណបក្សប្រជាជនកម្ពុជារកឃើញនោះ ពោលគឺ៦៨អាសនៈ គណបក្សនេះបាន ធ្លាក់ចំនួនអាសនៈក្នុងរដ្ឋសភាពី៩០ ក្នុងនីតិកាលទី៤ មកនៅត្រឹម៦៨អាសនៈក្នុងនីតិកាលទី៥នេះ។លទ្ធផលនេះហើយ ដែលនឹងក្លាយជាមូលដ្ឋាន មិនអាចប្រកែកបាន នៃការកែទម្រង់ជាដាច់ ខាតរបស់គណបក្សនេះ ប្រសិនបើគណបក្សនេះត្រូវដឹកនាំរដ្ឋាភិបាលអណត្តិក្រោយ មែន នោះ។ តាំងពី វប្បធម៌និទណ្ឌភាព ឬការរួចទោស អំពើពុករលួយ បញ្ហាអសន្តិសុខសង្គមមួយចំនួនដែលបង្កឡើងដោយក្រុមគ្រួសារមន្ត្រីមាន អំណាច និងអ្នកមានទ្រព្យសម្បត្តិ រហូតដល់បញ្ហាអយុត្តធម៌សង្គម ដូចជាការបណ្តេញចេញដោយបង្ខំ និងការប្រើប្រាស់អំពើហិង្សានានា រួមទាំងការរារាំងសិទ្ធិបញ្ចេញមតិផងនោះ បញ្ហាទាំងអស់នេះហើយដែលគណបក្សប្រជាជនកម្ពុជាត្រូវជម្រះ និងលុបបំបាត់ចោលអោយអស់នោះ។ នៅពេលនេះ តំណាងរាស្ត្ររបស់គណបក្សជំទាស់ដ៏ច្រើន និងធំធេងនោះ នឹងនៅចាំត្រូតពិនិត្យ និងរិះគន់ជាប្រចាំ ប្រសិនបើ រដ្ឋាភិបាល ឬអាជ្ញាធរធ្វើមិនត្រឹមត្រូវនោះ។
តាមពិតទៅ លទ្ធផលនៃការបោះឆ្នោតលើកនេះ វាក៏កំពុងជួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការងារអប់រំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន អំពីការងារគោរពច្បាប់ និងបម្រើប្រជាជនផងដែរ។ លទ្ធផលនៃការបោះឆ្នោតលើកនេះ វាបានប្រាប់ដល់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាថា ថ្នាក់ដឹកនាំគណបក្សនេះ នឹងមិនយល់យោគ និងអនុគ្រោះចំពោះសកម្មភាពអវិជ្ជមានដែលសមាជិកថ្នាក់ក្រោម អ្នកប្រព្រឹត្តិ ហើយដែលធ្វើអោយប៉ះពាល់ប្រជាប្រិយភាពរបស់គណបក្សទៀតឡើយ។
និយាយបែបម្យ៉ាងទៀត គឺគណបក្សប្រជាជនកម្ពុជា នឹងធ្វើអ្វីៗទាំងអស់ដើម្បីកសាង និងពូនជ្រុំការគាំទ្រឡើងវិញ។ ជាក់ស្តែង នៅចំពោះមុខការធ្លាក់ចុះសំឡេងគាំទ្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអោយមន្ត្រីគណបក្សចុះអរគុណដល់អ្នកគាំទ្រនៅតាមមូលដ្ឋាន។ ហើយនៅពេលចុះថ្លែងអំណរគុណនោះហើយ ដែលមន្ត្រីគណបក្សបានស្វែងយល់ឡើងវិញអំពីការមិនគាំទ្រខ្លះ ចំពោះគណបក្សប្រជាជនកម្ពុជានោះ។
ការកែទម្រង់របស់គណបក្សប្រជាជនកម្ពុជានេះហើយ ដែលចូលរួមក្នុងការអនុវត្តនីតិរដ្ឋនៅកម្ពុជានោះ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ វាក៏អាចជាការចាប់ផ្តើមនៃការប្រកួតប្រជែងសមត្ថភាពនៃការបម្រើ ផលប្រយោជន៍ជាតិរវាងគណបក្សតែ២ នៅលើសង្វៀនប្រជាធិបតេយ្យ នៅចំពោះមុខប្រជារាស្ត្រដែលជាអ្នកទស្សនាដែរ។
តាមពិតទៅ បើទោះជាវាមិនទាន់ឈានដល់កម្រិតនៃការអភិវឌ្ឍន៍មួយដែលប្រជាពលរដ្ឋទូទៅ ទទួលបានភោគផលស្មើគ្នានោះ ប៉ុន្តែគេគួរតែទទួលស្គាល់ថា រដ្ឋាភិបាលរបស់គណ បក្សប្រជាជន កម្ពុជាបានកសាងសមិទ្ធិផលសម្រាប់ប្រទេសកម្ពុជាមួយបានច្រើនដែរ រាប់ តាំងពីការកសាង បណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការពង្រឹងវិស័យសេដ្ឋកិច្ច និងការវិនិយោគ លើវិស័យធនធានមនុស្សជាដើម។ សមិទ្ធិផលទាំងនេះហើយដែលអនុញ្ញាត អោយ ប្រជាជនខ្មែរបច្ចុប្បន្នទទួលបានព័ត៌មាន និងចំណេះដឹងបានយ៉ាងទូលំទូលាយនៅទីប្រជុំជន ក៏ដូចជានៅជនបទ។ ការទទួលបានព័ត៌មានច្រើននេះហើយ ដែលវាបានជួយ អភិវឌ្ឍរបៀបនៃការគិតគូរ ការពិចារណារបស់ពលរដ្ឋកម្ពុជាជារួមនោះ។ និយាយដល់ ត្រង់នេះ ប្រសិនបើគេនិយាយថា គណបក្សប្រជាជនកម្ពុជាបានក្លាយជាជនរងគ្រោះនៃសមិទ្ធិ ផលរបស់ខ្លួននោះ ក៏វាមិនខុសដែរ។ អ្នកបោះឆ្នោត ទាំងយុវជន និងមនុស្សចាស់ប្រុសស្រី ពួកគេចង់បានការគោរពច្បាប់ យុត្តិធម៌ និងសុវត្ថិភាព សន្តិសុខសង្គម។ ការងារ ទាំងអស់នេះហើយ ដែលគណបក្សប្រជាជនកម្ពុជាត្រូវអនុវត្ត អោយមានប្រសិទ្ធភាព៕
0 comments:
Post a Comment