ដោយ ម៉ម មុនីរតន៍ និង ឡេង ម៉ាលី
2013-08-06
RFA2013-08-06
អ្នកចូលរួមប្រមាណ ១ពាន់នាក់ ស្វាគមន៍លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីជួបជុំមួយក្នុងទីរួមខេត្តតាកែវ នៅថ្ងៃទី៦ សីហា ឆ្នាំ២០១៣។
RFA/Morm Moniroth
លោក សម រង្ស៊ី និយាយនៅថ្ងៃទី៦ សីហា ថា លោកនឹងពុំមានជំនឿសោះឡើយចំពោះការរកយុត្តិធម៌របស់ គ.ជ.ប សម្រាប់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងថា បានឈ្នះការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ។
លោក សម រង្ស៊ី ដែលនៅពេលនេះមិនទាន់ត្រូវបានផ្ដល់អភ័យឯកសិទ្ធិតំណាងរាស្ត្រនៅឡើយ ផងនោះ បន្តថា យន្តការដែលនឹងត្រូវប្រើប្រាស់ដើម្បីដណ្ដើមជ័យជំនះនេះពីគណបក្ស កាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកវិញ គឺត្រូវពឹងអន្តរជាតិ និងជម្រើសចុងក្រោយ គឺចលនាមហាបាតុកម្មប៉ុណ្ណោះ។ លោកគិតថា នេះជាទីចុងក្រោយសម្រាប់ស្រោចស្រង់ប្រទេសជាតិ ហើយជំហរនេះនឹងមិនថយក្រោយឡើយ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញនិយាយថា បើទោះជាមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ ប្រើគ្រប់មធ្យោបាយដើម្បីលួចបន្លំសន្លឹកឆ្នោតយ៉ាងណាក្តី ក៏ប៉ុន្តែលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែដណ្ដើមជោគជ័យ គឺស្មើនឹងគណបក្សប្រជាជនកម្ពុជា។
អ្នកសម្របសម្រួលមកពីអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី ដែលចុះឃ្លាំមើលការជួបជុំនេះ និយាយថា កិច្ចសន្ទនារបស់មេបក្សប្រឆាំងនៅពេលនេះពុំមានការរារាំងណាមួយ ពីអាជ្ញាធរមូលដ្ឋានទេ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រី គ.ជ.ប ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី៦ សីហា បានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។
នៅចំពោះមុខអ្នកគាំទ្របក្សប្រឆាំងជាង ១ពាន់នាក់ លោក សម រង្ស៊ី ពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការធ្វើបាតុកម្មនេះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីគិតថា អ្វីដែលជាការសម្រេចចិត្តរបស់មេដឹកនាំបក្សប្រឆាំងនៅពេលនេះ នឹងទាញទម្លាក់ឲ្យកម្ពុជា ជួបវិបត្តិដែលពិបាកនឹងរកច្រកចេញ។ លោកបន្តថា យុទ្ធនាការរបស់លោក សម រង្ស៊ី គឺជាចរន្តផ្ទុយពីសង្គមប្រជាធិបតេយ្យ។
លោក ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិក (NICFEC) ឲ្យដឹងថា បាតុកម្មនេះអាចនឹងមានបាតុកម្មប្រឆាំងតបវិញ។ ហេតុនេះលោកគឺថា វាជាការបារម្ភចំពោះសុវត្ថិភាពនិងសន្តិសុខ។ លោកបន្តថា បើទោះជាបែបណា ការធ្វើបាតុកម្មនេះគឺជាទាមទារសិទ្ធិដែលបក្សប្រឆាំងចាត់ទុកថា លទ្ធផលឆ្នោតពុំមានតម្លាភាពនិងយុត្តិធម៌។
កាលពីដើមខែសីហា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា នឹងមានបាតុកម្មប្រឆាំងតប បើសិនបក្សប្រឆាំងនៅបន្តជំហរធ្វើបែបនេះ ហើយទាមទារឲ្យពលរដ្ឋ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ គួរស្ថិតនៅឲ្យឆ្ងាយពីបាតុកម្មនេះ។



លោក សម រង្ស៊ី និង លោក កឹម សុខា ថ្លែងអំណរគុណអ្នកគាំទ្រនៅទីលានប្រជាធិបេតយ្យ
បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានជួបអ្នកគាំទ្រនៅខេត្តតាកែវ រួចមក នៅល្ងាចថ្ងៃដដែលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានជួបអ្នកគាំទ្រនាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ផងដែរ។ពលរដ្ឋនៅរាជធានីភ្នំពេញ ប្រមាណជាង១ម៉ឺននាក់ ចូលរួមពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោតរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣។
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ នារាជធានីភ្នំពេញ ថា គណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតពិតៗ មិនអាចប្រកែកបានទេ។ លោកថា ជ័យជម្នះនេះ គឺបានមកពីការចូលរួមគាំទ្រយ៉ាងផុលផុសរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឱ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំប្រទេសពីគណបក្សប្រជាជន កម្ពុជា បច្ចុប្បន្ន។
លោក សម រង្ស៊ី ថ្លែងថា នៅពេលនេះគណបក្សប្រជាជនកម្ពុជា មិនអាចនៅក្រាញអំណាចបានទេ ព្រោះតែចលនារបស់ពលរដ្ឋលែងចាញ់ការគំរាមកំហែង និងការបន្លាច ហើយម្យ៉ាងទៀត ដោយសារតែគណបក្សប្រឆាំងរួបរួមគ្នា។















0 comments:
Post a Comment