ដោយ កែវ និមល
2013-08-07
RFA2013-08-07
រដ្ឋសភានៃប្រទេសកម្ពុជា
RFA
អតីតសមាជិកសភា និងអ្នកច្បាប់មួយចំនួនបានអះអាងថា បើសិនជាគ្មានសមាជិកសភាជាប់ឆ្នោតចំនួន ១២០នាក់ ចូលរួមប្រជុំនៅក្នុងការកោះប្រជុំលើកដំបូងទេ គឺមិនមានការបង្កើតសភាអាណត្តិទី៥ បានឡើយ។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានពន្យល់ថា យោងមាត្រា ៧៦ នៅក្នុងរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវមានសមាជិកយ៉ាងតិច ១២០រូប បើមិនដូចនេះទេ គេមិនអាចនិយាយបានថាមានរដ្ឋសភាបានឡើយ។
«»
ចំណែកលោក សឺន ស៊ូប៊ែរ្ដិ៍ អតីតសមាជិកសភា និងជាប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា បើសិនជាមិនមានសមាជិកសភាជាប់ឆ្នោតថ្មីចូលរួមប្រជុំតាម រដ្ឋធម្មនុញ្ញកំណត់ទេ សភានោះមិនស្របច្បាប់ឡើយ។
«»
រីឯលោក ប៉ុល ហំម អតីតសមាជិកសភាមានប្រសាសន៍ថា ការប្រជុំលើកទី១ របស់សមាជិកសភាជាប់ឆ្នោតត្រូវមានសមាជិកសភាជាប់ឆ្នោតមកពីគ្រប់ គណបក្សចូលរួម ដើម្បីប្រកាសសុពលភាពផង និងដើម្បីចូលរួមបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនដឹកនាំសភាផង។
«»
នៅក្នុងពេលដែលមានការជជែកវែកញែកថា ការប្រជុំលើកទី១ របស់សមាជិកសភាជាប់ឆ្នោតថ្មីត្រូវមានវត្តមានសមាជិកសភា ១២០រូបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២ សីហា ថាការប្រជុំសភាដើម្បីតែងតាំងរដ្ឋាភិបាលថ្មីត្រូវការកូរ៉ុម សមាជិកសភាចូលប្រជុំតែ ៦៣រូបប៉ុណ្ណោះ។
«»
តបចំពោះការលើកឡើងនេះ លោក ប៉ុល ហំម បានថ្លែងថា បើសិនជាមានការប្រជុំសភាលើកទី១ ដោយមានសមាជិកសភាជាប់ឆ្នោតថ្មីមកពីគណបក្សប្រជាជនកម្ពុជា តែម្នាក់ឯងចូលប្រជុំចំនួន ៦៣ រូបនោះវាមិនមែនជារដ្ឋសភារបស់ជាតិទេ។
«»
នៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ២០០៣ បានចែងទាក់ទងវាក្យខណ្ឌទី១ នៃមាត្រា ៧៦ របស់រដ្ឋធម្មនុញ្ញថា យ៉ាងតិចត្រូវមានសមាជិកជាតំណាងរាស្ត្រ ១២០រូប ទើបអាចបង្កើតរដ្ឋសភាក្នុងនីតិកាលនីមួយៗបាន។ ច្បាប់បោះឆ្នោតមិនអាចកំណត់ចំនួនតំណាងរាស្ត្រតិចជាង ១២០រូបបានឡើយ។
វាក្យខណ្ឌទី១នេះជាលក្ខខ័ណ្ឌចាំបាច់សម្រាប់ការបង្កើតរដ្ឋសភា ប៉ុន្តែមិនមែនសម្រាប់ដំណើរការរដ្ឋសភាទេ។ នៅពេលបោះឆ្នោតចប់ហើយ លទ្ធផលត្រូវឲ្យបានតំណាងរាស្ត្រចាប់ពី ១២០រូបឡើងទៅ តាមការកំណត់នៃច្បាប់បោះឆ្នោតទើបបានអាចបង្កើតរដ្ឋសភានីតិកាល ថ្មីមួយបានដោយគោរពទៅតាមនីតិវិធីដែលមានចែងនៅក្នុងមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ គឺថា រដ្ឋសភាដែលកើតចេញពីការបោះឆ្នោតត្រូវចូលកាន់តំណែងជាផ្លូវការ នៅពេលសម័យប្រជុំដំបូងតាមការកោះហៅរបស់ព្រះមហាក្សត្រ ហើយនិងមានការប្រកាសសម្រេចសុពលភាពឈ្មោះអ្នកតំណាងរាស្ត្របិទផ្សាយ ក្នុងមន្ទីររដ្ឋសភានិងជាសាធារណៈ។
មកទល់ពេលនេះ លទ្ធផលការបោះឆ្នោតផ្លូវការមិនទាន់បានប្រកាសនៅឡើយ។ ប៉ុន្តែបើសិនជាមានការប្រកាសលទ្ធផលការបោះឆ្នោតផ្លូវការ ហើយមានតួលេខដូចអង្គការសង្គមស៊ីវិលរកឃើញនោះ គេនៅមិនទាន់ដឹងថា តើគណបក្សសង្គ្រោះជាតិ អាចយល់ព្រមចូលប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើតរដ្ឋសភាអាណត្តិទី៥ បានឬក៏អត់ទេ?
មន្ត្រីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងលទ្ធផលបោះឆ្នោតក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតនេះ ហើយបើគិតជាអាសនៈ គឺបាន ៦៨អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិបានទទួល ៥៥អាសនៈ។ រីឯមន្ត្រីគណបក្សសង្គ្រោះជាតិវិញ បានអះអាងថា ឈ្នះ ដោយគណបក្សបានទទួល ៦៣អាសនៈ ក្នុងចំណោមអាសនៈទាំង ១២៣នៃរដ្ឋសភា៕
0 comments:
Post a Comment